ក្រុមហ៊ុនចិន Huawei ដាក់ញ្ញតិទៅតុលាការអាមេរិក ដើម្បីប្តឹងជំទាស់ទណ្ឌកម្មពីរដ្ឋបាលលោក ដូណាល់ ត្រាំ

0

ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍យក្សចិន Huawei បានដាក់ញ្ញតិប្តឹងជំទាស់មួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីតតាំងនឹងទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងព្យាយាមរុកគួនខ្លួន ឲ្យខ្ទាតចេញពីការប្រកួតប្រជែងទីផ្សារអន្តរជាតិ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី Channel News Asia នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។

នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅរដ្ឋតិចសាស់) ក្រុមហ៊ុន Huawei បានដាក់ញ្ញតិមួយទៅកាន់តុលាការក្នុងរដ្ឋតិចសាស់ ដើម្បី ស្នើឲ្យតុលាការអាមេរិកប្រកាសចាត់ទុក ការអនុវត្តន៍ច្បាប់ស្តីសកម្មភាពការពារជាតិអាមេរិក National Defense Authorization Act (NDAA) ឆ្នាំ២០១៩ គឺជាការអនុវត្តន៍ផ្ទុយពីរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។

សេចក្តីព្រាងច្បាប់ NDAA ត្រូវបានសភាអាមេរិកអនុម័តកាលពីឆ្នាំ២០១៨ ដែលក្នុងនោះមានការដាក់បម្រាមទៅលើ បណ្តាទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនជាប់កិច្ចសន្យារបស់ពួកគេទាំងអស់ មិនឲ្យប្រើប្រាស់សម្ភារៈបច្ចេកវិទ្យារបស់ Huawei ឡើយដោយសារហេតុផលសន្តិសុខជាតិ តាមរយៈការសម្អាងថា ក្រុមហ៊ុន Huawei មានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន ខណៈខាង Huawei វិញបានប្រកែកជា ច្រើនលើកច្រើនសាចំពោះការចោទប្រកាន់នេះ ព្រោះខ្លួនជាក្រុមហ៊ុនឯកជនសុទ្ធសាធ។

គួរជម្រាបថា ចាប់តាំងពីពេលនោះមក Huawei បានទទួលរងទណ្ឌកម្មកាន់តែធ្ងន់ កាលពីថ្ងៃទី១៦ ខែឧសភានេះ នៅពេលអាមេរិកបានសម្រេចកត់ឈ្មោះ Huawei ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់ខ្លួន ដែលហាមក្រុមហ៊ុនអាមេរិកមានទំនាក់ទំនងរកស៊ីជាមួយ និងផ្គត់ផ្គង់បរិក្ខាបច្ចេកវិទ្យាឲ្យក្រុមហ៊ុន Huawei ដោយពុំមានការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិក។

ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានពន្យារពេល ៩០ថ្ងៃ សម្រាប់ការអនុវត្តន៍បម្រាមនេះ ដើម្បីបន្ធូរបន្ថយការរិះគន់ពីអន្តរជាតិ ខណៈអ្នកជំនាញជាច្រើនបានមើលឃើញថា សហរដ្ឋអាមេរិកបានទាញ Huawei មកប្រឡូកក្នុងរឿងនយោបាយរវាងវ៉ាស៊ីនតោន និងប៉េកាំង នោះគឺសង្គ្រាមពាណិជ្ជកម្ម ព្រមទាំងឆ្លៀតពេលនេះ ដើម្បីបង្អាក់ការរីកចំរើនខ្លាំងក្លាដែល Huawei សម្រេចបាននាប៉ុន្មានឆ្នាំចុងក្រោយនេះ ទៅលើផ្គត់ផ្គង់បណ្តាញ 5G និងការលក់ស្មាតហ្វូនទូទាំងពិភពលោក ដែលធ្វើឲ្យក្រុមហ៊ុនអាមេរិកនានាតាមមិនទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here