កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅនេះលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានយល់ស្របលើការយល់ឃើញរបស់ក្រសួងពាណិជ្ជកម្ម ដែលថារថយន្តនិងគ្រឿងបន្លាស់រថយន្តដែលនាំចូលពីបរទេស បានក្លាយជាការគំរាមកំហែងមួយចំពោះសន្តិសុខជាតិចាប់តាំងពីទសវត្សឆ្នាំ ៨០ បន្ទាប់ពីវាបានដណ្ដើមទីផ្សារពីក្រុមហ៊ុនផលិតរថយន្តអាមេរិក។
ឆ្លើយតបនឹងការយល់ឃើញនេះ សហគមន៍ក្រុមហ៊ុនផលិតរថយន្តជប៉ុន (JAMA) ដែលមានប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda ជាប្រធាននោះ បានសម្ដែងអារម្មណ៍ព្រួយបារម្ភ និងខកចិត្ត។ សមាជិកនៃ JAMA មានដូចជាក្រុមហ៊ុន Toyota, Nissan, Honda, Mitsubishi, Mazda, Suzuki, Kawasaki, Yamaha និង Subaru ជាដើម។
លោក Toyoda បានថ្លែងដូចនេះថា ៖ “យើងស្រងាកចិត្ត ក្រោយពីបានឮសារដែលសន្និដ្ឋានថា ការចំណាយពេលរាប់ឆ្នាំលើការបណ្ដាក់ទុន និងផ្ដល់ឱកាសការងារនៅសហរដ្ឋអាមេរិក មិនទទួលបានការស្វាគមន៍។ ក្នុងនាមជាប្រធាន ខ្ញុំពិតជាមានអារម្មណ៍សោកសៅខ្លាំងចំពោះការសម្រេចចិត្តនេះ”។
គួរដឹងថាលោក ត្រាំ ចង់កាត់បន្ថយចំនួនរថយន្តនាំចូលទៅកាន់សហរដ្ឋអាមេរិក និងអះអាងថាធ្វើបែបនេះនឹងធ្វើឲ្យក្រុមហ៊ុនរថយន្តក្នុងស្រុកបណ្ដាក់ទុនកាន់តែច្រើនបន្ថែមទៀតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍។ សេតវិមានបានកំណត់ពេល ១៨០ ថ្ងៃ សម្រាប់ចរចាលើកិច្ចព្រមព្រៀងជាមួយជប៉ុន, សហគមន៍អឺរ៉ុប និងប្រភពនាំចេញរថយន្តជាច្រើនទៀត។
JAMA បានឲ្យដឹងថាខ្លួនបានផ្ដល់ការងារជាង ៩៣ ០០០ កន្លែងនៅសហរដ្ឋអាមេរិក។ ការគំរាមកំហែងពីរដ្ឋបាលលោក ត្រាំ ទំនងជាបានជំរុញឲ្យ Toyota សម្រេចចិត្តប្រកាសបន្ថែមកញ្ចប់លុយ ៣ ពាន់លានដុល្លារបន្ថែមទៀត លើគម្រោងការចំណាយ ៥ ឆ្នាំខាងមុខនៅសហរដ្ឋអាមេរិក៕
