ក្រុមហ៊ុនអាមេរិកទុកពេលត្រឹម ៩០ ថ្ងៃ សម្រាប់ Huawei ក្នុងការចូលមកចរចាឬត្រូវបញ្ចប់ជាមួយចម្លើយអវិជ្ជមាន ក្រោយពេលសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ចិនបានកំពុងផ្ទុះឡើងកាន់តែខ្លាំង។ Google ដែលមានមូលដ្ឋាននៅទឹកដីអាមេរិកត្រូវបានរដ្ឋាភិបាលខ្លួនបង្ខំឲ្យបញ្ឈប់ការផ្គត់ផ្គង់ទាំងផ្នែកទន់និងរឹងដល់ក្រុមហ៊ុនចិន Huawei បន្ទាប់ពីចាប់ដៃសហការគ្នាអស់រយៈពេលជាយូរណាស់មកហើយ។
ក្នុងរយៈពេលដែលនៅសេសសល់ Huawei បាននឹងកំពុងដុតដៃដុតជើងឥតឈប់ ក្នុងការរកដំណោះស្រាយ ដោយខ្លួនក៏បានត្រៀមផ្លូវក្រោយហើយស្រេចតាំងតែពីឆ្នាំ ២០១២ ជាមួយការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិ HongMeng OS។ ជាកិច្ចប្រកួតប្រជែងនឹង Play Store របស់ Google ក្រុមហ៊ុនយក្សមួយនេះ ក៏បានរត់ទៅចាប់ដៃសហការជាមួយក្រុមហ៊ុនព័រទុយហ្គាល់ Aptoide ។ នេះបើតាមការបញ្ជាក់ផ្ទាល់ពី CEO ក្រុមហ៊ុន Aptoide លោក Paulo Trezentos ។
ដោយមូលហេតុដែលក្រុមហ៊ុននេះមានមូលដ្ឋាននៅទឹកដីព័រទុយហ្គាល់ ពោលក៏គ្មានហេតុផលត្រូវបារម្ភនឹងរងការប៉ះទង្គិចជាមួយមហាអំណាចសហរដ្ឋអាមេរិក ទៀតសោត Aptoide ក៏ជាកម្មវិធីទូរសព្ទមួយប្រភេទ ស្រដៀងទៅនឹង Play Store ដែលមានផ្ទុកកម្មវិធី-ហ្គេមប្រមាណ ៩០០ ០០០ Apps នាពេលកន្លងមក។
ជាមួយអ្នកប្រើប្រាស់ប្រមាណ ២០០ លាននាក់ Aptoide ក៏ជាប្រភពសម្រាប់ទាញយក Android Apps ដ៏ល្បីឈ្មោះមួយ ដែលអាចផ្តល់ក្តីសង្ឃឹមសម្រាប់ Huawei ក្នុងការបង្វែរទាក់ចិត្តអតិថិជនដែលខ្លះកំពុងបាត់បង់ទំនុកចិត្តជាបណ្តើរៗ។
យ៉ាងណាមិញមិនទាន់មានប្រភពច្បាស់ការណាមួយដែលលម្អិតថា Huawei នឹងប្រើប្រាស់ Aptoide មកកំណត់ជាកម្មវិធីប្រើប្រាស់ជំនួស Google Play Store ឬអភិវឌ្ឍបញ្ចូលគ្នាតែមួយជាមួយ AppGallery ដែលខ្លួនធ្លាប់បានអភិវឌ្ឍកាលពីអតីតកាល៕