អាជ្ញាធរចិនបានចាប់ផ្តើមដាក់ពង្រាយឧបករណ៍ឃ្លាំមើលថ្មីមួយ នោះគឺ Software “សម្គាល់ដំណើរមាយាទរបស់មនុស្ស” ដែលប្រើទម្រង់ដងខ្លួនរបស់មនុស្សនិងរបៀបដែលពួកគេដើរដើម្បីកំណត់អត្តសញ្ញាណរបស់ពួកគេ សូម្បីនៅពេលដែលមុខរបស់ពួកគេត្រូវបានបាំងពីកាមេរ៉ាក៏ដោយ។
លោក ហ៊័ង យ៉ុងចិន នាយកប្រតិបត្តិក្រុមហ៊ុន Watrix បាននិយាយថា ប្រព័ន្ធរបស់ខ្លួនអាចកំណត់អត្តសញ្ញាណមនុស្សនៅចម្ងាយរហូតដល់ទៅ ៥០ ម៉ែត្រ សូម្បីតែពេលពួកគេបែរខ្នងឬបាំងមុខជិតក៏ដោយ។ នេះអាចបំពេញចន្លោះប្រហោងក្នុងបច្ចេកវិជ្ជាសម្គាល់ផ្ទៃមុខ ដែលត្រូវការការថតរូបនៅកៀក និង រូបភាពផ្ទៃមុខរបស់មនុស្សដែលមានគុណភាពខ្ពស់ដើម្បីធ្វើការ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថា កាលពីខែមុនក្រុមហ៊ុន Watrix បានប្រកាសថាខ្លួនបានបង្កើនប្រាក់ចំនួន ១០០ លានយ័ន (១៤,៥ លានដុល្លារអាមេរិក) ដើម្បីពន្លឿនការអភិវឌ្ឍនិងការលក់បច្ចេកវិជ្ជាសម្គាល់ឥរិយាបថរបស់ខ្លួន។
ប៉ូលិសចិនកំពុងប្រើប្រាស់បច្ចេកវិជ្ជាសម្គាល់ផ្ទៃមុខដើម្បីកំណត់អត្តសញ្ញាណមនុស្សនៅក្នុងចំណោមហ្វូងមនុស្សនិងចាប់អ្នកដើរឆ្លងផ្លូវខុសច្បាប់ ហើយកំពុងបង្កើតប្រព័ន្ធទិន្នន័យកាមេរ៉ាឃ្លាំមើលរបស់ជាតិ៕