៨ចំណុចរបៀបមើលថាព័ត៌មាន​ក្លែងក្លាយ (Fake News) ឬអត់?

0

សព្វថ្ងៃនេះ​មានព័ត៌មាន​ជាច្រើន​បានបញ្ចេញ​ជាប្រូងព្រាត​ ពិសេស​នៅលើបណ្តាញសង្គម និង​នៅលើ Internet តាមរយៈសារព័ត៌មាន Online មួយចំនួន។ ក្នុងមានព័ត៌មាន​ពិត និង​ព័ត៌មាន​មួយចំនួន ជាប្រភេទ​ក្លែងបន្លំ​អ្នក​អាន ទៅតាមគោលបំណង​ណាមួយ​នៃ​អ្នកបង្កើតព័ត៌មាន​ទាំងនោះ។

បើសិន​ជាព័ត៌មាន​មានច្រើនយ៉ាងដូចនោះ តើ​ធ្វើម៉េច​យើង​ដឹង​ថា តើព័ត៌មាន​បែបណា​ពិត ហើយបែបណា​ក្លែងក្លាយ?

១. ប្រភពស្ថាប័នព័ត៌មាន៖ ក្រៅតែអានព័ត៌មានហើយ ត្រូវតែពិនិត្យ​មើល​ឲ្យច្បាស់​ពី​វេបសាយ​ទាំងមូល​នៃស្ថាប័ន​ព័ត៌មាននោះថា តើមាន​បេសកម្មអ្វីខ្លះ? ហើយ​មានអាស័យដ្ឋាន​ពិតប្រាកដសម្រាប់ទំនាក់ទំនង​ដែរឬទេ?

២. អានសាច់រឿង៖ ក្រៅតែពីចំនងជើង​ដែលគួឲ្យចាប់អារម្មណ៍ហើយ លោកអ្នក​ត្រូវ​តែចូលទៅអាន​សាច់​រឿង​ ថាតើរឿងទាំងមូល​និយាយអំពីអ្វី សមហេតុផលដែរឬទេ?

៣. ពិនិត្យមើលអ្នកសរសេរ៖ ក្នុងនាមជាអ្នកកាសែត​ម្នាក់ មិនមែន​ចេះតែសរសេរប៉ាតណាប៉ាតណីនោះឡើយ។ យើងគួពិនិត្យ​ថា​ តើអ្នកសរសេរ​អត្ថបទនោះ​ជាអ្នកណា? តើសំណេររបស់គាត់​អាចគួឲ្យទុកចិត្ត​បានដល់កម្រិតណាដែរ? តើអ្នកកាសែតម្នាក់នោះ ជាមនុស្សពិត ជាមនុស្សនិមិ្មតទេ?

៤. ប្រភពព័ត៌មាន៖ នៅលើតំណរព័ត៌មានណាមួយ សូមចុច​ហើយចូលទៅអានថា នៅក្នុងព័ត៌មាន​នោះ តើមាន​ប្រភពនៃព័ត៌មាន​ច្បាស់លាស់ឬទេ? បើសិនមានព័ត៌មាន​ថាចោរលួច តើគេបានមកពីសាក្សី ឬ បានមកពីប៉ូលីស មិនមែន​បានមកពីការ​គិតនឹកឃើញតាមគំនិត​អ្នកសរសេរនោះឡើយ។

៥. មើលថ្ងៃខែចេញផ្សាយ៖ ព័ត៌មាន​ខ្លះ​ហួសសម័យកាលទៅហើយ បែជាមនុស្សយកវាមកចែករំលែកបង្អើលម្តងទៀត បង្ករជាចលាចល។ឧទាហរណ៍៖ យប់មិញនៅកោះពេជ្យ​មានព្រឹត្តិការណ៍ជាន់គ្នាស្លាប់!​ អ្នកមិនបានដឹងព្រឹត្តិការណ៍ ឬអានលំអិត ច្បាស់ចែកដំណឹងនេះ​តៗគ្នា ឬទូរស័ព្ទ​សួរកូនចៅហើយ តែការពិត នេះជាព្រឹត្តិការណ៍កើតឡើង​កន្លងមកច្រើនឆ្នាំទៅហើយ។

៦. ចំណងជើងកំប្លែងពេក៖ មានព័ត៌មានខ្លះ មើលទៅវាចម្លែកពេក ឬកំប្លែងពេក ដែលខ្លះជាសំណេរដៀមដាម​របស់ស្មេរតែប៉ុណ្ណោះ។ ឧទាហរណ៍៖ មនុស្សម្នាក់ស្លាប់២០ឆ្នាំហើយ បែរជារស់ឡើងវិញ និងច្រៀងរាំហៅញាតិខ្លួន! បើសិនជាមានរឿងចម្លែកឬកំប្លែងហួសការពិតពេក យើងគួពិនិត្យមើលវេបសាយ​ទាំងមូល និង​ម្ចាស់សំណេរផង។

៧. មានភាពលំអៀងហួសហេតុ៖ សារព័ត៌មាន​ខ្លះ​មានភាពលំអៀង​ទៅម្ខាងៗ ជាហេតុ​ធ្វើឲ្យអ្នក​អាន​ចែកមិនដាច់​រឿងជំនឿរបស់ខ្លួន និង​ភាពត្រឹមត្រូវពិត។ ឧទាហរណ៍៖ ទូរស័ព្ទiPhone សាកថ្ម​ឆាប់ផ្ទុះ​។ មើលតែចំនងជើង​គឺអ្នកនិពន្ធ​ប្រហែល​ជាមិនចូលចិត្ត​ប្រើ iPhone ដល់ពេលមានកំហុសណាមួយ​កើតឡើង គាត់សរសេរលំអៀង ដោយដាក់បន្ទុក​ទៅលើ iPhone តែម្តង។

៨. សួរអ្នកជំនាញតែម្តង៖ ពេលខ្លះយើងចែកមិនដាច់ថាតើវា​ពិតឬមិនពិត យើងអាចសាកសួរអ្នកជំនាញ​តែម្តង។ អ្នកជំនាញ​អាចជាមនុស្ស​ដែលយើងអាចជួប​ប្រាស្រ័យ​ដោយផ្ទាល់ ឬអាចជាកន្លែងសួរ និងឆ្លើយ​នៅលើបណ្តាញ Internet។ ឧទាហរណ៍៖ បន្ទះការពារវិទ្យុសកកម្ម​ផលិត​ចេញពីបច្ចេកវិទ្យ Nano quantum​ energy ជួយដល់សុខភាពមនុស្ស។ ករណីដែលយើង​មិនដឹងសោះ យើងអាចសួរអ្នក​ជំនាញ​ខាងរូបវិទ្យា ឬសួរ​នៅលើ Internet ដើម្បីបានចម្លើយពិតប្រាកដមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here