កម្លាំងពិសេសដេនស៊ុស៨៨ ចាប់ខ្លួនក្រុមភេរវករ ១៧នាក់ នៅក្នុងខេត្តចំនួន៣

0

ប្រទេសឥណ្ឌូនេស៊ី៖ក្រុមប្រឆាំងភេរវកម្មពិសេសរបស់ប៉ូលិសឥណ្ឌូនេស៊ីដែលមានឈ្មោះថា​ កម្លាំងពិសេស ដេនស៊ុស៨៨ (Densus 88)​ បានចាប់ខ្លួនជនសង្ស័យជាភេរវករ ១៧នាក់។ ពួក គេត្រូវបានចាប់ខ្លួននៅក្នុងខេត្តចំនួន ៣ផ្សេងគ្នា ដោយភេរវករ១៣នាក់ត្រូវបានចាប់ខ្លួននៅ ខេត្តអាសេស និង៣នាក់នៅភាគខាងជើងខេត្តស៊ូម៉ាថេរ៉ា រួមទាំងម្នាក់ទៀតនៅក្នុងខេត្តរីអែវ។

លោកឧត្តមសេនីយ៍ អាម៉ាដ រ៉ាម៉ាដាន ប្រធានផ្នែកព័ត៌មានសាធារណៈនៃនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់ប៉ូលិសឥណ្ឌូនេស៊ីនិយាយថា មនុស្ស ១១នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងខេត្តអាសេសគឺមានទំនាក់ទំនងជាមួយបណ្តាញក្រុមភេរវករ ជេម៉ាស់ អ៊ីស្លាមមីយ៉ាស់ (Jemaah Islamiyah) ខណៈដែលមនុស្ស ២នាក់ផ្សេងទៀតគឺជាសមាជិកនៃបណ្តាញក្រុម ភេរវករ ចាម៉ាស់ អានស្ហារ៉ាត់ ​ដូឡាស់​ (Jamaah Ansharut Daulah)។

កាលពីថ្ងៃចន្ទ ទី២៥ ខែកក្កដា លោកអាម៉ាដ និយាយនៅក្នុងទីក្រុងចាកាតាថា៖“ពួកគេបានហ្វឹកហាត់ការបាញ់ប្រហារ ដើម្បីរៀបចំកសាងសមត្ថភាពសម្រាប់ក្រុមភេរវករ ជេម៉ាស់ អ៊ីស្លាមីយ៉ាស់នៅក្នុង សង្គ្រាម”។

គួរបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្តអាសេស មានឈ្មោះហៅកាត់ថា អ៊ីអេស ដែលបានរៀបចំផ្ទះរបស់គាត់ឱ្យក្លាយជាកន្លែងហ្វឹកហាត់អាវុធសម្រាប់ក្រុមភេរវករ ជេម៉ាស់ អ៊ីស្លាមីយ៉ាស់នៅឆ្នាំ២០១៨។ គាត់ក៏ជាម្ចាស់អាវុធផីស៊ីផី(PCP) ផងដែរ។ ជនសង្ស័យម្នាក់ទៀតឈ្មោះ អ៊ឹមអេជ (MH) ត្រូវបានគេស្គាល់ថា គឺជាប្រភពមូលនិធិមួយរបស់ក្រុមភេរវករចាម៉ាស់ អ៊ីស្លាមីយ៉ាស់។

យ៉ាងណាមិញ ជនសង្ស័យ ២នាក់មកពីបណ្តាញក្រុមភេរវករ ចាម៉ាស់ អានស្ហារ៉ាត់ ដូឡាស់ ដែលមានឈ្មោះហៅកាត់ថា អាអ៊ី និងអ៊ឹមអេ មានជាប់ពាក់ព័ន្ធនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត នៅខេត្ត ផូលរេសថេបេស មេដាន នៅឆ្នាំ២០១៩ ដោយសមាជិកក្រុម ភេរវករចាម៉ាស់ អានស្ហារ៉ាត់ ដូឡាស់ មេដាន ​( JAD )។

លោកអាដាំ រ៉ាម៉ាដាន និយាយថា ប៉ូលិស និងកម្លាំងពិសេសដេនស៊ុស៨៨ នៅតែបន្តធ្វើការស៊ើបអង្កេតបន្ថែមពីតួនាទីរបស់ជនសង្ស័យ និងទំនាក់ទំនងរបស់ពួកគេនៅក្នុងបណ្តាញក្រុមភេរវករនៅភាគខាងជើងខេត្តស៊ូម៉ាថេរ៉ា និងនៅក្នុងខេត្តរីអែវ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានtempo ចុះផ្សាយឡើងវិញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here