ប្រទេសអ៊ីរ៉ាក់៖ យោងតាមសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខដែលស្ថិតក្រោមបញ្ជាការដ្ឋានប្រតិបត្តិការរួមអ៊ីរ៉ាក់បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញាថា យោធាអ៊ីរ៉ាក់បានចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅភាគខាងជើងខេត្តកឺកុក។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជនសង្ស័យដែលគេស្គាល់ឈ្មោះ “ អាប៊ុ សាហៀ (Abu Sahir)” ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការមួយនៅខេត្តកឺកុក បន្ទាប់ពីមានការស៊ើបអង្កេតរបស់កងកម្លាំងសន្តិសុខយ៉ាងច្បាស់លាស់។
ព័ត៌មានស៊ើបការណ៍សម្ងាត់បានបង្ហាញថា សមាជិករបស់ក្រុម IS ដែលត្រូវបានចាប់ខ្លួនរូបនេះធ្កាប់កាន់តំណែងជាអ្នកដឹកនាំជាច្រើននៅភាគខាងលិចនៃខេត្តអានបារ (Anbar) ក្នុងអំឡុងពេលដែលក្រុមនេះគ្រប់គ្រងតំបន់មួយចំនួននៅទីនោះ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ទោះបីជាប្រទេសអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅឆ្នាំ២០១៧ ក៏ដោយ ក៏សំណល់របស់ក្រុមនេះ នៅតែបន្តធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ដាច់ស្រយាល។ អាជ្ញាធរអ៊ីរ៉ាក់បានបង្កើនយុទ្ធនាការតាមផ្លូវអាកាស និងផ្លូវគោក ដើម្បីប្រឆាំងនឹងសមាជិកក្រុមសកម្មប្រយុទ្ធ IS ដែលសង្ស័យថានៅសេសសល់៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦










