Sunday, September 20, 2026

សមាជិកសកម្មប្រយុទ្ធ ៣នាក់ត្រូវបានក្នុងប្រតិបត្តិការរបស់កងកម្លាំងសន្តិសុខនៅភាគនិរតីប៉ាគីស្ថាន

0

 

ប្រទេសប៉ាគីស្ថាន៖ ប្រភពសន្តិសុខបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់សមាជិកសកម្មប្រយុទ្ធ ៣នាក់ ក្នុងអំឡុងប្រតិបត្តិការដែលផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់ នៅស្រុកអាវ៉ារ៉ាន (Awaran) នៃខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន។ បើតាមប្រភពដដែលបានបន្ថែមថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅតំបន់បាដ្រាង (Badrang) ក្នុងស្រុកអាវ៉ារ៉ាន (Awaran) ដោយផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់អំពីវត្តមានរបស់សមាជិកសកម្មប្រយុទ្ធនៅក្នុងតំបន់។

អាវុធ និងគ្រឿងផ្ទុះជាច្រើនត្រូវបានរកឃើញ និងរឹបអូសបានពីសមាជិកសកម្មបហរយុទ្ធដែលត្រូវបានសម្លាប់។ ប្រភពសន្ដិសុខបានបញ្ជាក់ថា ពួកគេ​ជាសមាជិកនៃអង្គការមួយដែលត្រូវបានហាមឃាត់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  លោក មូហស៊ីន ណាកវ៉ី (Mohsin Naqvi) បានកោតសរសើរដល់កងកម្លាំងសន្តិសុខចំពោះអ្វីដែលលោកបានព័ណ៌នាថា ជាប្រតិបត្តិការដែលទទួលបានជោគជ័យ ដោយលោកបានបញ្ជាក់ថា ប្រតិបត្តិការនេះបានបង្ហាញពីសមត្ថភាព និងការតាំងចិត្តរបស់កងកម្លាំងសន្តិសុខក្នុងការដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខនានាក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្រ្តីបានបន្ថែមថា សកម្មភាពទាន់ពេលវេលារបស់កងកម្លាំងសន្តិសុខបានរារាំងផែនការរបស់ក្រុមសកម្មប្រយុទ្ធ និងលោកបានបញ្ជាក់សារជាថ្មីថា ការលុបបំបាត់ពួកសកម្មប្រយុទ្ធ និងអ្នកជួយសម្របសម្រួលដល់ពួកគេ នៅតែជាអទិភាពជាតិ។ រដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការរក្សាសន្តិភាពនៅខេត្តបាឡូជីស្ថាន (Balochistan) និងបន្តកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្ម ដោយលោកនិយាយថា កងកម្លាំងសន្តិសុខដែលបានដាក់ពង្រាយនៅទូទាំងខេត្ត នៅតែបន្តប្តេជ្ញាចិត្តដើម្បីលុបបំបាត់ការគំរាមកំហែងរបស់ពួកសកម្មប្រយុទ្ធទាំងអស់៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here