ប្រទេសអ៊ីស្រាអែល៖ IDF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) ម្នាក់ ត្រូវបានសម្លាប់នៅថ្ងៃព្រហស្បតិ៍ ទី០៤ នៅភាគខាងត្បូងប្រទេសលីបង់ ដោយយន្តហោះគ្មានមនុស្សបើកបំពាក់គ្រឿងផ្ទុះ ដែលបញ្ជាដោយក្រុមហេបូឡា។
ព័ត៌មានទូរទស្សន៍ ខាន ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែលបានរាយការណ៍ថា មន្ត្រីម្នាក់ត្រូវបានសម្លាប់បន្ទាប់ពីពួកសកម្មប្រយុទ្ធហេបូឡាបានបញ្ជាយន្តហោះគ្មានមនុស្សបើកមានផ្ទុកគ្រឿងផ្ទុះទៅវាយប្រហារលើរថក្រោះមួយគ្រឿងរបស់កម្លាំងប្រតិបត្តិការអ៊ីស្រាអែលនៅភាគខាងត្បួងប្រទេសលីបង់ ភាគខាងជើងទន្លេលីថានី។
ឧបទ្ទវហេតុចុងក្រោយនេះបណ្តាលឱ្យចំនួនអ្នកស្លាប់ក្នុងចំណោមទាហានអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់កើនដល់ ៤នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីមានការវាយប្រហារដោយដ្រូនរបស់ក្រុមហេបូឡា។
នៅពេលព្រឹក ភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៩នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលកំណត់គោលដៅលើភាគខាងត្បូងលីបង់ និងជ្រលងបេកានៅភាគខាងកើតនៃប្រទេស។
នៅថ្ងៃព្រហស្បតិ៍ ទី០៤ ដដែល ប្រភពលីបង់បានឲ្យដឹងថា យោធាអ៊ីស្រាអែលបានដកខ្លួនទាំងស្រុងចេញពីតំបន់ប្រជុំជនឌីប៊ីន ភាគខាងត្បូងប្រទេសលីបង់ និងបានពង្រាយកម្លាំងនៅក្បែរតំបន់ប្រជុំជនឃីម។បន្ទាប់មក អង្គភាពទ័ពជាច្រើនរបស់លីបង់ បានចូលទៅក្នុងតំបន់ប្រជុំជនឌីប៊ីន និងចាប់ផ្តើមបោសសម្អាតផ្លូវ។
ការវិវឌ្ឍទាំងនេះបានកើតឡើងបើទោះបីជាអ៊ីស្រាអែល និងលីបង់ បានយល់ព្រមនៅថ្ងៃពុធ ទី០៣ ដើម្បីអនុវត្តបទឈប់បាញ់ បន្ទាប់ពីមានការចរចាត្រីភាគីនៅទីក្រុងវ៉ាស៊ីនតោន៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦










