Friday, June 5, 2026

មន្ត្រីយោធាអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ដោយយន្តហោះគ្មានមនុស្សបើករបស់ក្រុមហេបូឡា  

0

ប្រទេសអ៊ីស្រាអែល៖ IDF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) ម្នាក់ ត្រូវបានសម្លាប់នៅថ្ងៃព្រហស្បតិ៍ ទី០៤ នៅភាគខាងត្បូងប្រទេសលីបង់ ដោយយន្តហោះគ្មានមនុស្សបើកបំពាក់គ្រឿងផ្ទុះ ដែលបញ្ជាដោយក្រុមហេបូឡា។

ព័ត៌មានទូរទស្សន៍ ខាន ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែលបានរាយការណ៍ថា មន្ត្រីម្នាក់ត្រូវបានសម្លាប់បន្ទាប់ពីពួកសកម្មប្រយុទ្ធហេបូឡាបានបញ្ជាយន្តហោះគ្មានមនុស្សបើកមានផ្ទុកគ្រឿងផ្ទុះទៅវាយប្រហារលើរថក្រោះមួយគ្រឿងរបស់កម្លាំងប្រតិបត្តិការអ៊ីស្រាអែលនៅភាគខាងត្បួងប្រទេសលីបង់ ភាគខាងជើងទន្លេលីថានី។

ឧបទ្ទវហេតុចុងក្រោយនេះបណ្តាលឱ្យ​ចំនួន​អ្នក​ស្លាប់​ក្នុង​ចំណោម​ទាហាន​អ៊ីស្រាអែល​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់​កើន​ដល់​ ៤នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បន្ទាប់​ពីមាន​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​ក្រុមហេបូឡា។

នៅពេលព្រឹក ភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៩នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលកំណត់គោលដៅលើភាគខាងត្បូងលីបង់ និងជ្រលងបេកានៅភាគខាងកើតនៃប្រទេស។

នៅថ្ងៃព្រហស្បតិ៍ ទី០៤ ដដែល ប្រភពលីបង់បានឲ្យដឹងថា យោធាអ៊ីស្រាអែលបានដកខ្លួនទាំងស្រុងចេញពីតំបន់ប្រជុំជនឌីប៊ីន ភាគខាងត្បូងប្រទេសលីបង់ និងបានពង្រាយកម្លាំងនៅក្បែរតំបន់ប្រជុំជនឃីម។បន្ទាប់មក អង្គភាពទ័ពជាច្រើនរបស់លីបង់ បានចូលទៅក្នុងតំបន់ប្រជុំជនឌីប៊ីន និងចាប់ផ្តើមបោសសម្អាតផ្លូវ។

ការវិវឌ្ឍទាំងនេះបានកើតឡើងបើទោះបីជាអ៊ីស្រាអែល និងលីបង់ បានយល់ព្រមនៅថ្ងៃពុធ ទី០៣ ដើម្បីអនុវត្តបទឈប់បាញ់ បន្ទាប់ពីមានការចរចាត្រីភាគីនៅទីក្រុងវ៉ាស៊ីនតោន៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៥​ ខែមិថុនា ឆ្នាំ២០២៦

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here