Saturday, June 13, 2026

ប៉ូលិសតួកគីចាប់ឃុំខ្លួនជនសង្ស័យIS ៤៧នាក់ ដែលមានទំនាក់ទំនងជាមួយរដ្ខអ៊ីស្លាម

0

តួកគី៖ អាជ្ញាធរមូលដ្ឋាននៃភាគអាគ្នេយ៍ខេត្ត សានលួរហ្វា បានឲ្យដឹងថ្ងៃពុធ  ថា អាជ្ញាធរតួកគីបានចាប់ឃុំខ្លួនជនសង្ស័យ៤៧នាក់នៅក្នុងប្រតិបត្តិការបង្ក្រាបទូទាំងប្រទេសដែលធ្វើឡើងនៅក្នុងខេត្តចំនួន​ ២១ ដោយផ្តោតគោលដៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS)។

អំឡុងពេលប្រតិបត្តិការដែលដឹកនាំដោយព្រះរាជអាជ្ញានៃខេត្តនេះ ប៉ូលិសបានធ្វើប្រតិបត្តិការជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តនានា ក្នុងនោះរួមមានទាំងក្រុងអ៊ីស្តង់ប៊ុល ខេត្តអ៊ីហ្សមៀរ និងក្រុងអង់ការ៉ា ហើយបានចាប់ឃុំខ្លួនមនុស្ស ៤៧នាក់ ដែលជាប់សង្ស័យពីបទផ្តល់ជំនួយហិរញ្ញវត្ថុដល់ពួក IS។

ការវិភាគហិរញ្ញវត្ថុកត់ត្រាដោយក្រុមប្រឹក្សាស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ទួកគី បានរកឃើញថា ពួកគេបានបញ្ជូនប្រាក់ចេញពីប្រទេសតួកគីប្រមាណ ២.៣លានដុល្លារអាមេរិក។

ប្រទេសតួកគីបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ថាជាអង្គការភេរវកម្មនៅក្នុងឆ្នាំ២០១៣។ ចាប់តាំងពីពេលនោះមក ប្រទេសមួយនេះប្រឈមមុខនឹងការវាយប្រហារជាច្រើនលើកពីក្រុមមួយនេះ ជាមូលហេតុដែលទីក្រុងអង់ការ៉ាបានបង្កើនប្រតិបត្តិការប្រឆាំងភេរវកម្មទាំងក្នុង និងក្រៅប្រទេស។

អាជ្ញាធរបានឲ្យដឹងនៅថ្ងៃពុធ ទី១០ ខែមិថុនា ថា យ៉ាងណាមិញ ប៉ូលិសតួកគីបានរឹបអូសគ្រឿងញៀន​ជាង ​១,២៨​តោន និង​ឃាត់ខ្លួន​ជនសង្ស័យជាង ​១១០​នាក់​ ក្នុង​ប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀន​ជា​បន្តបន្ទាប់​នៅក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុលរយៈពេលជាង១០ថ្ងៃកន្លងមកនេះ។

បើតាមក្រុមប្រឹក្សាស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ប្រតិបត្តិការនេះគឺត្រូវពង្រីកទៅកាន់ខេត្តឌីយ៉ាបាកកឺ ខេត្តសានលួរហ្វា និងខេត្តកូសែលលី ដែលកំណត់គោលដៅលើអង្គភាពឧក្រិដ្ឋជនដែលមានជាប់ពាក់ព័ន្ធការ​ជួញ​ដូរ​គ្រឿង​ញៀន​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​ ក៏​ដូច​ជាអ្នកលក់នៅ​តាម​ផ្លូវ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here