តួកគី៖ អាជ្ញាធរមូលដ្ឋាននៃភាគអាគ្នេយ៍ខេត្ត សានលួរហ្វា បានឲ្យដឹងថ្ងៃពុធ ថា អាជ្ញាធរតួកគីបានចាប់ឃុំខ្លួនជនសង្ស័យ៤៧នាក់នៅក្នុងប្រតិបត្តិការបង្ក្រាបទូទាំងប្រទេសដែលធ្វើឡើងនៅក្នុងខេត្តចំនួន ២១ ដោយផ្តោតគោលដៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS)។
អំឡុងពេលប្រតិបត្តិការដែលដឹកនាំដោយព្រះរាជអាជ្ញានៃខេត្តនេះ ប៉ូលិសបានធ្វើប្រតិបត្តិការជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តនានា ក្នុងនោះរួមមានទាំងក្រុងអ៊ីស្តង់ប៊ុល ខេត្តអ៊ីហ្សមៀរ និងក្រុងអង់ការ៉ា ហើយបានចាប់ឃុំខ្លួនមនុស្ស ៤៧នាក់ ដែលជាប់សង្ស័យពីបទផ្តល់ជំនួយហិរញ្ញវត្ថុដល់ពួក IS។
ការវិភាគហិរញ្ញវត្ថុកត់ត្រាដោយក្រុមប្រឹក្សាស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ទួកគី បានរកឃើញថា ពួកគេបានបញ្ជូនប្រាក់ចេញពីប្រទេសតួកគីប្រមាណ ២.៣លានដុល្លារអាមេរិក។
ប្រទេសតួកគីបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ថាជាអង្គការភេរវកម្មនៅក្នុងឆ្នាំ២០១៣។ ចាប់តាំងពីពេលនោះមក ប្រទេសមួយនេះប្រឈមមុខនឹងការវាយប្រហារជាច្រើនលើកពីក្រុមមួយនេះ ជាមូលហេតុដែលទីក្រុងអង់ការ៉ាបានបង្កើនប្រតិបត្តិការប្រឆាំងភេរវកម្មទាំងក្នុង និងក្រៅប្រទេស។
អាជ្ញាធរបានឲ្យដឹងនៅថ្ងៃពុធ ទី១០ ខែមិថុនា ថា យ៉ាងណាមិញ ប៉ូលិសតួកគីបានរឹបអូសគ្រឿងញៀនជាង ១,២៨តោន និងឃាត់ខ្លួនជនសង្ស័យជាង ១១០នាក់ ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនជាបន្តបន្ទាប់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលរយៈពេលជាង១០ថ្ងៃកន្លងមកនេះ។
បើតាមក្រុមប្រឹក្សាស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ប្រតិបត្តិការនេះគឺត្រូវពង្រីកទៅកាន់ខេត្តឌីយ៉ាបាកកឺ ខេត្តសានលួរហ្វា និងខេត្តកូសែលលី ដែលកំណត់គោលដៅលើអង្គភាពឧក្រិដ្ឋជនដែលមានជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនក្នុងស្រុក និងក្រៅប្រទេស ក៏ដូចជាអ្នកលក់នៅតាមផ្លូវ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦










