Wednesday, June 24, 2026

រដ្ឋាភិបាលហ៊្សកដានីប្រហារជីវិតមនុស្ស ៦នាក់ចំពោះការចោទប្រកាន់ពីបទភេរវកម្ម

0

ប្រទេសហ្សកដានី៖ រដ្ឋាភិបាលហ្សកដានីបានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី២១​ ខែមិថុនា ថាប្រទេសហ្សកដានីបានកាត់ទោសប្រហារជីវិតមនុស្ស ៦នាក់ ពាក់ព័ន្ធនឹងបទចោទប្រកាន់ថាបានប្រព្រឹត្ត​អំពើ​ភេរវកម្ម និង​សំណុំរឿងព្រហ្មទណ្ឌដែល​ទាក់​ទង​នឹង​ការ​វាយ​ប្រហារ ដែលបានសម្លាប់សមាជិកកងទ័ពហ្សកដានី និងនាយកដ្ឋានសន្តិសុខសាធារណៈ។

តាមរយៈការដកស្រង់សម្តីលោក មូហាម៉ាដ អាល ម៉ូម៉ានី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរបស់រដ្ឋាភិបាល និងជាអ្នកនាំពាក្យផ្លូវការ  សារព័ត៌មាន Roya បានរាយការណ៍ថា ការប្រហារជីវិតត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមិថុនា បន្ទាប់ពីសាលក្រមទាំងអស់ត្រូវបានជំនុំជម្រះ និងនីតិវិធីផ្លូវច្បាប់ត្រូវបានបញ្ចប់។

លោក អាល ម៉ូម៉ានី បានបញ្ជាក់បន្ថែមថា មនុស្សពីរនាក់ក្នុងចំណោមអ្នកដែលត្រូវបានប្រហារជីវិត ត្រូវបានកាត់ទោសក្នុងសំណុំរឿងដែលគេហៅថា Salt Cellដែលមានជាប់ពាក់ព័ន្ធនឹងការបង្កើតក្រុមភេរវកម្មនៅក្នុងឆ្នាំ២០១៨។  “ការវាយប្រហារបណ្តាលឱ្យបុគ្គលិកសន្តិសុខជាច្រើននាក់ស្លាប់ ក្នុងនោះរួមមានទាំងក្រុមមន្ត្រី និងទាហានមកពីនាយកដ្ឋានសន្តិសុខសាធារណៈ និងកងទ័ពហ្សកដានី ” នេះបើយោងតាមរបាយការណ៍។

លោក ម៉ូម៉ានី បាននិយាយថា ម្នាក់ទៀតត្រូវបានប្រហារជីវិតពាក់ព័ន្ធនឹងសំណុំរឿងភេរវកម្មឆ្នាំ២០២២ ដែលមានការសម្លាប់មន្ត្រីជាន់ខ្ពស់ម្នាក់។ មនុស្សពីរនាក់ផ្សេងទៀតត្រូវបានកាត់ទោសនៅក្នុងករណីជួញដូរគ្រឿងញៀន ដែលបានក្លាយជាអំពើហិង្សាក្នុងអំឡុងពេលប្រតិបត្តិការបង្ក្រាប ឆ្នាំ២០១៤ និង ២០១៧ ដែលបានសម្លាប់មន្រ្តីប៉ូលិសជាច្រើននាក់។

មន្ត្រីដដែលបានបន្ថែមថា ជនទី៦ ត្រូវបានប្រហារជីវិតពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនឆ្នាំ ២០១៨ ដែលក្នុងអំឡុងពេលប្រតិបត្តិការបង្ក្រាបបានបណ្តាលឲ្យមន្ត្រីប៉ូលិសម្នាក់ស្លាប់៕

ប្រភព aa.com.tr ចុះផ្សាយឡើងវិញថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here