ប្រទេសហ្សកដានី៖ រដ្ឋាភិបាលហ្សកដានីបានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ថាប្រទេសហ្សកដានីបានកាត់ទោសប្រហារជីវិតមនុស្ស ៦នាក់ ពាក់ព័ន្ធនឹងបទចោទប្រកាន់ថាបានប្រព្រឹត្តអំពើភេរវកម្ម និងសំណុំរឿងព្រហ្មទណ្ឌដែលទាក់ទងនឹងការវាយប្រហារ ដែលបានសម្លាប់សមាជិកកងទ័ពហ្សកដានី និងនាយកដ្ឋានសន្តិសុខសាធារណៈ។
តាមរយៈការដកស្រង់សម្តីលោក មូហាម៉ាដ អាល ម៉ូម៉ានី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរបស់រដ្ឋាភិបាល និងជាអ្នកនាំពាក្យផ្លូវការ សារព័ត៌មាន Roya បានរាយការណ៍ថា ការប្រហារជីវិតត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមិថុនា បន្ទាប់ពីសាលក្រមទាំងអស់ត្រូវបានជំនុំជម្រះ និងនីតិវិធីផ្លូវច្បាប់ត្រូវបានបញ្ចប់។
លោក អាល ម៉ូម៉ានី បានបញ្ជាក់បន្ថែមថា មនុស្សពីរនាក់ក្នុងចំណោមអ្នកដែលត្រូវបានប្រហារជីវិត ត្រូវបានកាត់ទោសក្នុងសំណុំរឿងដែលគេហៅថា ” Salt Cell” ដែលមានជាប់ពាក់ព័ន្ធនឹងការបង្កើតក្រុមភេរវកម្មនៅក្នុងឆ្នាំ២០១៨។ “ការវាយប្រហារបណ្តាលឱ្យបុគ្គលិកសន្តិសុខជាច្រើននាក់ស្លាប់ ក្នុងនោះរួមមានទាំងក្រុមមន្ត្រី និងទាហានមកពីនាយកដ្ឋានសន្តិសុខសាធារណៈ និងកងទ័ពហ្សកដានី ” នេះបើយោងតាមរបាយការណ៍។
លោក ម៉ូម៉ានី បាននិយាយថា ម្នាក់ទៀតត្រូវបានប្រហារជីវិតពាក់ព័ន្ធនឹងសំណុំរឿងភេរវកម្មឆ្នាំ២០២២ ដែលមានការសម្លាប់មន្ត្រីជាន់ខ្ពស់ម្នាក់។ មនុស្សពីរនាក់ផ្សេងទៀតត្រូវបានកាត់ទោសនៅក្នុងករណីជួញដូរគ្រឿងញៀន ដែលបានក្លាយជាអំពើហិង្សាក្នុងអំឡុងពេលប្រតិបត្តិការបង្ក្រាប ឆ្នាំ២០១៤ និង ២០១៧ ដែលបានសម្លាប់មន្រ្តីប៉ូលិសជាច្រើននាក់។
មន្ត្រីដដែលបានបន្ថែមថា ជនទី៦ ត្រូវបានប្រហារជីវិតពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនឆ្នាំ ២០១៨ ដែលក្នុងអំឡុងពេលប្រតិបត្តិការបង្ក្រាបបានបណ្តាលឲ្យមន្ត្រីប៉ូលិសម្នាក់ស្លាប់៕
ប្រភព aa.com.tr ចុះផ្សាយឡើងវិញថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦










