បុរសមានអាយុ ២១ឆ្នាំម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទផុស និងចែកចាយ មាតិកាភេរវកម្មតាមបណ្តាញង៊ីនធឺរណិតដែលនេះគឺជាលទ្ធផលនៃការស៊ើបអង្កេតរបស់ប៉ូលិសក្រុង។
ការស៊ើបអង្កេតដឹកនាំដោយបញ្ជាការដ្ឋានកម្លាំងប្រឆាំងភេរវកម្មក្រុងបានតាមដានពីសកម្មភាពរបស់លោក អាយ៉ុបណាសៀរ មានអាយុ ២១ឆ្នាំ ដែលមានថ្ងៃខែឆ្នាំកំណើតថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៣ នៅភាគនិរតីនៃទីក្រុងឡុងដ៍ដែលបានផុសផ្សព្វផ្សាយសម្ភារៈភេរវកម្មលើគណនីបណ្ដាញសង្គមជាច្រើន និងនៅលើវេទិកាផ្សេងៗទៀតក្នុងអំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣។
លោក ណាសៀរ ត្រូវបានកាត់ទោសដោយតុលាកា ឃីងស្តុន ក្រោន កាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យជាប់ពន្ធនាគារ ៦ឆ្នាំ ៩ខែ។
លោក ហ្ការ៉េត រ៉ីស មេបញ្ជាការស្តីទីនៃបញ្ជាការដ្ឋានកម្លាំងប្រឆាំងភេរវកម្មក្រុងបាននិយាយថា៖ «យើងដឹងពីផលប៉ះពាល់នៃការផ្សព្វផ្សាយសម្ភារៈភេរវករតាមអ៊ីនធឺរណិតដែលអាចមានឥទ្ធិពលលើបុគ្គលដែលងាយរងគ្រោះ ដោយពួកគេអាចប្រឈមនឹងហានិភ័យនៃការអូសទាញឱ្យចូលក្នុងសកម្មភាពភេរវកម្ម។ សកម្មភាពការងារទាំងអស់នៅក្នុងការស៊ើបអង្កេតបានបង្ហាញថា យើងបានយកចិត្តទុកដាក់ប៉ុណ្ណាទៅលើសកម្មភាពភេរវកម្ម ហើយយើងនឹងបន្តស្វែងរកបុគ្គលណាដែលចែកចាយសម្ភារៈទាំងនេះលើបណ្តាញអ៊ីនធឺរណិត»។
នៅពេលដែលសមត្ថកិច្ចបានដឹងថា លោក ណាសៀរ កំពុងតែចែកចាយសម្ភារៈដែលទាក់ទងនឹងភេរវករនៅតាមប្រព័ន្ធអ៊ីនធឺរណិត ក៏ឈានទៅដល់ការចាប់ខ្លួនលោក ណាសៀរ និងរឹបអូសយកឧបករណ៍អេឡិចត្រូនិចរបស់គាត់ក្នុងខែតុលា ឆ្នាំ២០២៣ នៅផ្ទះរបស់គាត់នៅភាគនិរតីនៃទីក្រុងឡុងដ៍។ សមត្ថកិច្ចបានត្រួតពិនិត្យឧបករណ៍របស់លោក ណាសៀរ និងបានរកឃើញថា លោក ណាសៀរ មិនត្រឹមតែចែកចាយសម្ភារៈដើម្បីជួយដល់ក្រុមភេរវករដែស្ហ(Daesh)នោះទេ លោក ណាសៀរ ថែមទាំងមានឯកសារសំខាន់ៗពាក់ព័ន្ធ នឹងសកម្មភាពនិងការរៀបចំសកម្មភាពភេរវកម្មផងដែរ។
លើសពីនេះ អ្នកស៊ើបអង្កេតបានរកឃើញថាគាត់មានឯកសារណែនាំអំពីរបៀបផលិតថ្នាំពុល ឬសារធាតុពុលដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព រួមទាំងសំណុំឯកសារផ្សេងៗទៀត ដែលមានខ្លឹមសារបង្ហាញពីរបៀបអនុវត្ត និងផ្តល់ជាគតិសម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការរៀបចំ និងចេញធ្វើសកម្មភាពវាយប្រហារភេរវកម្ម។
លោក ណាសៀរ ត្រូវបានគេកាត់ទោសកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លើបទចោទប្រកាន់ចំនួន ៥ នៃការបោះពុម្ពផ្សាយអត្ថបទភេរវករដែលល្មើសទៅនឹងមាត្រាទី២នៃច្បាប់ភេរវកម្ម (TACT) ឆ្នាំ២០០៦ ជាប់ពាក់ព័ន្ធនឹងវីដេអូដែលគាត់បានចែករំលែក។ លោក ណាសៀរ ក៏ត្រូវបានចោទប្រកាន់ ៥ផ្សេងទៀតពីបទកាន់ឯកសារ និងកំណត់ត្រាបម្រើឱ្យគោលបំណងភេរវកម្ម ល្មើសទៅនឹងមាត្រាទី៥៨នៃច្បាប់ភេរវកម្មឆ្នាំ២០០០ ដែលជាប់ពាក់ព័ន្ធទៅនឹងឯកសារ និងឯកសារឌីជីថលផ្សេងៗដែលរកឃើញមាននៅលើឧបករណ៍របស់គាត់។
លោក ណាសៀរ បានសារភាពទទួលកំហុសលើបទចោទប្រកាន់ចំនួន៨ ក្នុងចំណោមបទចោទប្រកាន់ទាំង១០ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ បទចោទប្រកាន់២នៃការបោះពុម្ពផ្សាយអត្ថបទភេរវករនឹងបញ្ជូលទៅក្នុងសំណុំឯកសារ៕
ប្រភព [email protected] ចុះផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤










