ប្រទេសប៉ាគីស្ថាន៖ ប្រភពសន្តិសុខបានឲ្យដឹងថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ក្រុមភេរវករ ៩នាក់ ក្នុងនោះមានទាំងមេបញ្ជាការសំខាន់ៗ ៤នាក់ ក្នុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា។ ប្រភពដដែលបានប្រាប់ភ្នាក់ងារសារព័ត៌មានថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងភូមិផាឡាងហ្សាយ (Palangzai) នៅតំបន់ណាឌីម កុត (Nadeem Kot) និងតំបន់កុត ឃីហ្សរ៉ី (Kot Khizri) ក្នុងស្រុកវ៉ារ៉ីស្ថានខាងជើង (North Waziristan)។
ប្រភពបានបន្ថែមថា អាវុធ និងគ្រាប់រំសេវត្រូវបានរឹបអូសពីពួកសកម្មប្រយុទ្ធដែលបានសម្លាប់។ ទីតាំងលាក់ខ្លួនមួយចំនួនរបស់ពួកសកម្មប្រយុទ្ធក៏ត្រូវបានបំផ្លាញអំឡុងពេលប្រតិបត្តិការផងដែរ។ លោកប្រធានាធិបតី អាស៊ីហ្វ អាលី ហ្សាដារ៉ី (Asif Ali Zardari) និងលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ស្ហិនបាហ្ស ស្ហារីហ្វ (Shehbaz Sharif ) បានថ្លែងដោយឡែកពីគ្នាថា ប្រតិបត្តិការទាំងនេះបានបង្ហាញពីសមត្ថភាព និងការប្ដេជ្ញាចិត្តក្នុងការលុបបំបាត់អំពើភេរវកម្ម និងធានាឲ្យមានសន្តិភាពយូរអង្វែងនៅក្នុងប្រទេស៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦










