ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបានឲ្យដឹងថា មានប៉ូលិស ២នាក់ ក្នុងនោះមានមន្រ្តីប្រចាំការម្នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា នៅពេលដែលក្រុមប្រដាប់អាវុធបានវាយប្រហារលើប៉ូលិសមួយក្រុមនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ ការវាយប្រហារនេះបានកើតឡើងនៅតំបន់នូវ កាផា (New Karpa) ក្នុងស្រុកការ៉ាក (Karak) ដែលក្រុមប្រដាប់អាវុធបានបើកការបាញ់ប្រហារលើក្រុមប៉ូលិស បណ្ដាលឲ្យលោក ដោដ ខាន (Daud Khan) ដែលជាមន្ត្រីប្រចាំការនៅស្ថានីយ៍ប៉ូលិស ស្រុកបានដា ដោដ ស្ហាហ (Banda Daud Shah) និងមន្ត្រីប៉ូលិសម្នាក់ទៀតឈ្មោះ ហ្វាហាដ (Farhad) ស្លាប់ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស។
សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ថា កម្លាំងប៉ូលិស និងកងកម្លាំងសន្តិសុខបានបើកប្រតិបត្តិការរុករកនៅក្នុងតំបន់ ដោយបានដាក់រនាំងត្រួតពិនិត្យ និងបិទផ្លូវរត់គេចខ្លួននានា ដើម្បីតាមចាប់អ្នកវាយប្រហារទាំងនោះ។រហូតមកដល់ពេលនេះ ពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦










