Saturday, October 17, 2026

ជនជាតិប៉ាឡេស្ទីន ២នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា

0

ហ្កាហ្សា៖ តាមប្រភពពីគ្រូពេទ្យប៉ាឡេស្ទីនបានឲ្យដឹងកាលពីថ្ងៃអង្គារ ទី១៣ ខែតុលា ថា មានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប។ ចំណែកឯ កងទ័ពអ៊ីស្រាអែលបានអះអាងថា ខ្លួបបានសម្លាប់សមាជិក ៥នាក់នៃក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ (Islamic Jihad) នៅភាគខាងត្បូងតំបន់ហ្កាហ្សា។

សាក្សីដែលឃើញហេតុការណ៍បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានបាញ់មីស៊ីលទៅលើរថយន្តរបស់ជនស៊ីវិលមួយគ្រឿងដែលកំពុងធ្វើដំណើរតាមផ្លូវយ៉ាហ្វា (Yafa) នៅតំបន់ថូហ្វាហ (Tuffah) ស្ថិតនៅភាគខាងកើតទីក្រុងហ្កាហ្សា។ មន្ទីរពេទ្យអាល ស្ហីហ្វា(Al-Shifa) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាកសព មនុស្សម្នាក់ និងអ្នករងរបួសជាច្រើននាក់ ក្នុងនោះមានអ្នករងរបួសធ្ងន់ផងដែរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យនេះ បន្ទាប់ពីមានការវាយប្រហារ ។ ដោយឡែក ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ បានស្លាប់ដោយសារតែរងរបួសធ្ងន់កាលពី ៣សប្តាហ៍មុន ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ប្រជុំជនអាល ហ្សាវ៉េដា​ (Al-Zawayda) នៅភាពកណ្តាលតំបន់ហ្កាហ្សា នេះបើតាមប្រភពពីគ្រូពេទ្យ។

តំបន់ហ្កាហ្សាស្ទ្រីប ដែលមានប្រជាជនរស់នៅជិត ២លាននាក់ បានបន្តប្រឈមនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលជាបន្តបន្ទាប់ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ អាជ្ញាធរសុខាភិបាលហ្គាហ្សាបានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំថ្ងៃថា មន្ទីពេទ្យទាំងអស់នៅទូទាំងតំបន់ហ្គាហ្សាបានទទួលសាកសពចំនួន ៧នាក់ និងអ្នករងរបួស ៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ តួលេខនេះធ្វើឲ្យ​ចំនួន​ជនជាតិ​ប៉ាឡេស្ទីនដែលបាន​ស្លាប់កើនឡើង​ដល់១.៤៩៨នាក់ចាប់​តាំង​ពី​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​។ ប្រភពបានបន្ថែមទៀតថា ចំនួនអ្នកស្លាប់សរុបចាប់តាំងពីថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៣ បានកើនដល់ ៧៤.៣៨៩នាក់៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here