កូរ៉េខាងជើងប្រកាសថានឹងធ្វើការសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរ

0

ប្រភពព័ត៌មានពី​ KCNA ចេញផ្សាយថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៦

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសក្តែងៗថានឹងធ្វើតេស្តសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរ និងការបំពាក់វាទៅលើគ្រាប់រ៉ុក្កែតមួយចំនួននៅក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង ដោយដកស្រង់ចេញពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ មេដឹកនាំកំពូលផុតលេខរបស់កូរ៉េខាងជើងបានលើកឡើងដូចខាងលើនេះគឺទំនងជាចង់បង្ហាញអន្តរជាតិអំពីសមត្ថភាពនៃការផលិតអាវុធសង្គ្រាមដ៏មានអានុភាព ដែលវាកំពុងឈានចូលដល់តំណាក់កាលដ៏ខ្លាំងក្លាមួយគឺកូរ៉េខាងជើងអាចប្រើប្រាស់នុយក្លេអ៊ែរ ធ្វើជាក្បាលគ្រាប់បំពាក់លើគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ។ លោក គីម ជុងអ៊ុន បានលើកឡើងទៀតថាកូរ៉េខាងជើងបានឈានចូលដល់សករាជថ្មីដែលជាជំហានល្អបំផុត នៅក្នុងការផលិតក្បាលគ្រាប់នុយក្លេអ៊ែរបំពាក់លើគ្រាប់រ៉ុក្កែតប្រកបដោយបច្ចេកវិទ្យាខ្ពស់។ កូរ៉េខាងជើងប្រកាសដូចខាងលើនេះគឺហាក់បីដូចជាមិនខ្លាចញញើតចំពោះទណ្ឌកម្មធ្ងន់ធ្ងរដែលអន្តរជាតិបានដាក់កាលពីដើមខែ មីនា នេះឡើយ៕

Korea 15-03-16