ប្រទេសនីហ្សេរីយ៉ា៖មន្ត្រីជាន់ខ្ពស់មួយរូបនិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់អ្នកទោស៣០០នាក់បានរត់គេចខ្លួន ខណៈដែលអ្នកទោសម្នាក់ស្លាប់ និង៣នាក់រងរបួស នៅក្នុងការវាយប្រហារកាលពីថ្ងៃអង្គារ ដោយក្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណទៅលើពន្ធនាគារអាប៊ុចា នៅក្នុងទីក្រុងនៃប្រទេសនីហ្សេរីយ៉ា។
លោកស្ហូអេប៊ូ បេហ្គ័រ (Shuaibu Begore) លេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃនិយាយថា អ្នកវាយប្រហារបានសម្រុកចូលមជ្ឈមណ្ឌលឃុំឃាំងនៅក្នុងតំបន់គូចា ភាគនិរតីនៃតំបន់អាប៊ុចា កាលពីយប់ថ្ងៃអង្គារ ក៏ដោយបានដោះលែងអ្នកទោសប្រមាណជា ៦០០នាក់ ប៉ុន្តែចំនួនអ្នកទោសពាក់កណ្តាលត្រូវបានចាប់ខ្លួនមកវិញ។
លោកបេហ្គ័របានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលធ្វើដំណើរទៅមើលពន្ធនាគារកាលពីថ្ងៃពុធថា អ្នកទោសម្នាក់ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារ ដោយសង្ស័យថាធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធជ្រុលនិយមបូកូហារ៉ាម។
លោកនិយាយថា អ្នកទោសសរុបចំនួន ៩៩៤នាក់ រួមទាំងអ្នកផ្សំគំនិតក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមដែលត្រូវបានកាត់ទោស និងមន្ត្រីសាធារណៈដែលមានឋានៈខ្ពង់ខ្ពស់ដែលកំពុងជាប់សវនាការ ឬត្រូវបានកាត់ទោសរួចហើយ បានស្ថិតនៅទីតាំងកើតហេតុមុនពេលមានការវាយប្រហារកាលពីល្ងាចថ្ងៃអង្គារ។ មន្ត្រីនិយាយ៖ “យើងជឿថា ពួកគេគឺជាក្រុមភេរវករបូកូហារ៉ាម ហើយបានមកជាពិសេសសម្រាប់អ្នកផ្សំគំនិតរបស់ពួកគេ។ សមាជិកជាច្រើនរបស់ពួកគេត្រូវបានចាប់ខ្លួនមកវិញ និងមួយចំនួនទៀតត្រូវបាននាំខ្លួនចេញពីក្នុងព្រៃដែលពួកគេលាក់ខ្លួន។ យើងបានចាប់ខ្លួនអ្នកទោសមកវិញប្រមាណជា៣០០នាក់ក្នុងចំណោម៦០០នាក់ដែលបានរត់ចេញពីពន្ធនាគារ។”
លោកបាស្ហៀរ ម៉ាហ្គាស្ហី (Bashir Magashi) រដ្ឋមន្ត្រីការពារជាតិនីហ្សេរីយ៉ាបាននិយាយកាលពីថ្ងៃពុធថា ក្រុមសង្ស័យជាក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមទាំងអស់ មានចំនួនប្រមាណជា៦៤នាក់ ស្ថិតក្នុងចំណោមអ្នកទោសដែលបានរត់គេចខ្លួន។ លោកម៉ាហ្គាស្ហីប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់កន្លែងកើតហេតុដែលឥលូវនេះស្ថានភាពគ្រប់យ៉ាងស្ថិតនៅក្រោមការគ្រប់គ្រងថា រដ្ឋាភិបាលនីហ្សេរីយ៉ាជឿថា អ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារគឺជាសមាជិករបស់ក្រុមណាមួយ។ លោកម៉ាហ្គាស្ហីនិយាយថា៖ “ វាហាក់បីដូចជា ពួកគេគឺជាក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម ដោយសារតែយើងធ្លាប់ចាប់ខ្លួនជនសង្ស័យជាក្រុមសកម្មប្រយុទ្ធបូកូហា
រ៉ាមមួយចំនួនមកឃុំខ្លួន ហើយបច្ចុប្បន្ននេះ យើងមិនអាចកំណត់ទីតាំងណាមួយក្នុងចំណោមសមាជិករបស់ពួកគេបាននោះទេ។ ខ្ញុំគិតថា ពួកគេមានចំនួនប្រមាណជា ៦៤នាក់នៅក្នុងពន្ធនាគារ ហើយពុំមាននរណាម្នាក់នៅឡើយឥឡូវនេះ ដោយពួកគេបានរត់គេចខ្លួនអស់ហើយ”។
បើយោងតាមប្រភពរដ្ឋមន្ត្រីការពារជាតិបានឱ្យដឹងថា ការវាយប្រហារបានចាប់ផ្តើមដោយការបាញ់កាំភ្លើងយ៉ាងខ្លាំង និងការបំផ្ទុះ ដោយអ្នកវាយប្រហារបានចូលទៅក្នុងពន្ធនាគារ និងបានដោះលែងអ្នកទោសមួយចំនួន។
នៅក្នុងសេចក្តីថ្លែងការមានបញ្ជាក់ខ្លឹមសារថា លោកអាប៊ុបាការ អ៊ូម៉ា អ្នកនាំពាក្យជាតិសម្រាប់សេវាកែតម្រូវនីហ្សេរីយ៉ា(NCS) និយាយថា ការវាយប្រហារត្រូវបានទប់ស្កាត់ជោគជ័យដោយភ្នាក់ងារសន្តិសុខ។ លោកអ៊ូម៉ាបាននិយាយថា៖ “ ភាពស្ងប់ស្ងាត់ត្រូវបានស្តារឡើងវិញហើយស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង”៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២