Thursday, October 8, 2026

តួកគីឃាត់ខ្លួនមនុស្ស ៤២៣៧នាក់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងរយៈពេល៩ខែ

0

ប្រទេសតួកគី៖ អភិបាលក្រុងអ៊ីស្តង់ប៊ុល (Istanbul) លោកដាវ៉ូត ហ្កូល (Davut Gul) បានថ្លែងកាលថ្ងៃចន្ទ ទី០៥ ថា កងកម្លាំងសន្តិសុខតួកគីបានឃាត់ខ្លួនមនុស្ស ៤២៣៧នាក់ ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ ដែលចំនួននេះកើនឡើង ២០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ហ្កូល (Gul) បានថ្លែងដូច្នេះ ក្នុងសន្និសិទសារព័ត៌មានដែលផ្សាយផ្ទាល់តាមអ៊ីធើណែត ស្ដីពីទិន្នន័យការអនុវត្តច្បាប់ និងសន្តិសុខសាធារណៈរបស់ទីក្រុង ក្នុងរយៈពេល ០៩ខែក្នុងឆ្នាំនេះ។ លោក ហ្កូល (Gul) បានឲ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម មាន ៨២៦នាក់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ និង ៦៣៩នាក់ទៀតត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។

លោកបានបន្ថែមថា ទីក្រុងអ៊ីស្តង់ប៊ុលដែលទទួលភ្ញៀវទេសចរណ៍ជិត ២០លាននាក់ និងមានប្រជាជនបរទេសប្រមាណ ១លាននាក់នោះ ក៏បានបង្កើនការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានការរៀបចំជាក្រុមផងដែរ។ កងកម្លាំងសន្តិសុខតួកតែងតែធ្វើប្រតិបត្តិការនៅទូទាំងប្រទេស រួមទាំងនៅទីក្រុង អ៊ីស្តង់ប៊ុល ប្រឆាំងនឹងជនសង្ស័យដែលមានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធ និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (Islamic State)៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here