កាលថ្ងៃទី១២ ដល់ ១៦ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការរៀបចំ និងឧបត្ថម្ភដោយស្ថាប័នគយសិង្ហបុរី រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលប្រទេសជប៉ុន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយឧស្សាហកម្មរួមគ្នាលើកទី១០ ស្តីពីការគ្រប់គ្រងពាណិជ្ជកម្មជាយុទ្ធសាស្ត្រ (The 10th Joint Industry Outreach Seminar on Strategic Trade Management) ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី សិក្ខាសាលានេះ មានអ្នកចូលរួមសរុបប្រមាណជាង៥០០នាក់ ដែលមកពីប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សហគមអ៊ឺរ៉ុប និងអ្នកជំនាញមកពីស្ថាប័នពាក់ព័ន្ធទាំងក្នុងវិស័យរដ្ឋាភិបាល និងឯកជន ហើយតំណាងរបស់កម្ពុជាយើងបានចូលរូមចំនួន ៥រូប ។ នៅក្នុងសិក្ខាសាលានេះ បានរួមបញ្ចូលកម្មវិធីធំៗចំនួន ៤ ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
- សិក្ខាសាលាផ្សព្វផ្សាយឧស្សាហកម្មរួមគ្នាលើកទី១០ ស្តីពីការគ្រប់គ្រងពាណិជ្ជកម្មជាយុទ្ធសាស្ត្រ
– ការធ្វើបច្ចុប្បន្នភាព ទៅលើបទប្បញ្ញត្តិច្បាប់មួយចំនួនរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ប្រទេសម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ។
– ការធ្វើបទបង្ហាញ ដោយអ្នកជំនាញរបស់សហរដ្ឋអាមេរិក និងសិង្ហបុរីស្តីពីការអនុវត្តល្អៗនិងសារៈសំខាន់ក្នុងការការពារបច្ចេកវិទ្យាសំខាន់ៗ (Critical Technology) ការគ្រប់គ្រងលើការផ្ទេរបច្ចេកវិទ្យាអរូបី (Intangible Transfers of Technology-ITT) ។
– ការធ្វើបទបង្ហាញដោយ អ្នកជំនាញមកពីសាកលវិទ្យាល័យ Monterey ស្តីពីនិន្នាការបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន និងបញ្ហាប្រឈម គឺបានផ្តោតសំខាន់ទៅលើតួអង្គថ្មីៗ និងប្លែកៗ ដែលយើងមិនបានស្វែងយល់ពីហានិភ័យផ្នែកសុវត្ថិភាព ដែលទាក់ទងនឹងលក្ខណៈនៃការប្រើប្រាស់របស់ទំនិញទ្វេមុខនៃបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ឧ. UAV, 3D printing… ។
– ការធ្វើបទបង្ហាញដោយ អ្នកជំនាញមកពី សាធារណៈរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងក្រុមហ៊ុន Kharon ស្តីពីបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន (Emerging Technology) និងបញ្ហាប្រឈមក្នុងការអនុវត្តជាក់ស្តែង ដូចជា បច្ចេកវិទ្យា AI, រថយន្តបើកបរដោយស្វ័យប្រវត្តិ… ។
– ការធ្វើបច្ចុប្បន្នភាព លើបទប្បញ្ញត្តិច្បាប់អន្តរជាតិមួយចំនួន របស់ប្រទេសសិង្ហបុរី ជប៉ុន អាល្លឺម៉ង់ អូស្រ្តាលី សហគមអ៊ឺរ៉ុប និង EU P2P ។
– ការធ្វើបទបង្ហាញ ដោយអ្នកជំនាញមកពីវិស័យឯកជន ស្តីពីបញ្ហាប្រឈម និងភាពស្មុគស្មាញក្នុងការអនុវត្តនៃបទប្បញ្ញត្តិច្បាប់នានាក្នុងពេលបំពេញការងារប្រចាំថ្ងៃរបស់ពួកគេ ។
– ការធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិមួយចំនួនរបស់សហរដ្ឋអាមេរិក និងការដាក់ទណ្ឌកម្មប្រឆាំងទៅលើប្រទេសរុស្ស៊ី ដែលបានឈ្លានពានទៅលើអ៊ុយក្រែន និងទណ្ឌកម្មប្រឆាំងទៅលើប្រទេសបេឡារ៉ូស ។
– ការធ្វើកិច្ចពិភាក្សាផ្តល់បទពិសោធន៍ល្អៗក្នុងការអនុវត្តការងារជាក់ស្តែង ដោយអ្នកជំនាញមកពីប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី ។
- សិក្ខាសាលាស្តីពី ស្រ្តីក្នុងវិស័យទំនិញយុទ្ធសាស្រ្ត (Women in Strategic Trade) និង វេទិកាតំបន់អាស៊ីអាគ្នេយ៍ ស្តីពីការគ្រប់គ្រងការនាំចេញ (Southeast Asian Forum on Export Control-SEAFEC)
– ការលើកឡើងពីបទពិសោធន៍មួយចំនួន ដោយអ្នកជំនាញជាស្រ្តីក្នុងវិស័យរដ្ឋាភិបាលមកពីប្រទេសម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងសហរដ្ឋអាមេរិក ស្តីពីការជួបប្រទះរបស់ពួកគេក្នុងការអនុវត្តការងារប្រចាំថ្ងៃ ។
– ការចែករំលែកនូវពិសោធន៍ល្អៗ ក្នុងការធ្វើជ្រើសរើសស្ត្រីអោយចូលបម្រើការងារនៅក្នុងវិស័យនៃការគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្រ្ត និងលើកតម្កើងស្រ្តីអោយក្លាយជាអ្នកមានសិទ្ធិសម្រេច និងបញ្ចេញយោបល់។
-ការលើកឡើងពីវិធីសាស្រ្តឆ្ពោះទៅមុខ លើគំនិតផ្តួចផ្តើមសម្រាប់កម្មវិធីនាពេលអនាគត ដោយអ្នកជំនាញរបស់សហរដ្ឋអាមេរិក ។
– ការធ្វើបទបង្ហាញណែនាំពី ការិយាល័យកិច្ចការរំសាយអាវុធរបស់ អ.ស.ប (United Nations Office of Disarmament Affairs-UNODA) ។
– ការធ្វើបទបង្ហាញ ដោយអ្នកជំនាញមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និង EU P2P ស្តីពីការចាប់ (catch-all) និងការគ្រប់គ្រងអ្នកប្រើប្រាស់ចុងក្រោយ (end user) ។
- វេទិកាតំបន់អាស៊ីអាគ្នេយ៍ ស្តីពីការគ្រប់គ្រងការនាំចេញ (Southeast Asian Forum on Export Control-SEAFEC)
-ការធ្វើបទបង្ហាញ ស្តីពីការអភិវឌ្ឍការផ្សព្វផ្សាយឧស្សាហកម្ម
-ការធ្វើបទបង្ហាញ ស្តីពីការគ្រប់គ្រងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន
-ការបង្ហាញពី និន្នាការ និងបញ្ហាប្រឈមនៃការឆ្លងកាត់ (Transit) និងការដឹកជញ្ជូន (Transshipment)
-ការលើកឡើងពី យុទ្ធសាស្ត្រនៃការអនុវត្ត និងការអនុវត្តល្អៗ
- កិច្ចប្រជុំទ្វេភាគី ដែលបានស្នើឡើងដោយស្ថាប័នរៀបចំកម្មវិធីជាមួយប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍៖
គណៈប្រតិភូកម្ពុជា ទាំង៣រូប ដែលបានទៅចូលរួមដោយផ្ទាល់នៅប្រទេសសិង្ហបុរី ក្រោមការដឹកនាំ ដោយ លោក រឿន សុជាតិ ជាអនុប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការគយអន្តរជាតិ បានយល់ព្រមទទួលការស្នើសុំប្រជុំទ្វេភាគីជាមួយស្ថាប័នចំនួន ២ រួមមាន៖
-កិច្ចប្រជុំជាមួយការិយាល័យឧស្សាហកម្ម និងសន្តិសុខរបស់សហរដ្ឋអាមេរិក (United States Bureau of Industry and Security-BIS) ដឹកនាំដោយ លោកស្រី Thea Kendler ជាជំនួយការលេខាធិការរដ្ឋបាលនៃការនាំចេញនៃការិយាល័យឧស្សាហកម្ម និងសន្តិសុខនៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រីប្រធានអង្គប្រជុំ បានចោទសួរសំណួរចំនួន ៣ មកកាន់កម្ពុជា៖
១. សួរពីយោបល់របស់កម្ពុជាពាក់ព័ន្ធជាមួយការចូលរួមក្នុងសិក្ខាសាលានេះ? កម្ពុជា បានធ្វើការថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្តល់ការឧបត្ថម្ភ និងអញ្ជើញ កម្ពុជា អោយចូលរួមក្នុងសិក្ខាសាលានេះ ។ កម្ពុជា បានសិក្សាស្វែងយល់ពីការចែករំលែកនូវបទពិសោធន៍ជាច្រើនពីប្រទេសទាំងអស់ ដែលបានចូលរួម និងយកបទពិសោធន៍ទាំងនោះមកអភិវឌ្ឍក្នុងការងារប្រចាំថ្ងៃ ដើម្បីធ្វើការងារអោយកាន់តែមានប្រសិទ្ធភាព ។
២. ចង់ដឹងថា តើកម្ពុជាសព្វថ្ងៃនេះ មានច្បាប់ ឬបទបញ្ញាត្តិអ្វីខ្លះ ដែលពាក់ព័ន្ធនឹងទំនិញយុទ្ធសាស្រ្ត និងទំនិញទ្វេមុខ? កម្ពុជា មិនទាន់មានច្បាប់ទាក់ទងនឹងទំនិញយុទ្ធសាស្រ្ត និងទំនិញទ្វេមុខនេះនៅឡើយទេ ដោយ កម្ពុជា កំពុងសិក្សាធ្វើច្បាប់ ឬបទបញ្ញាតិនេះឡើង ហើយសព្វថ្ងៃ កម្ពុជា បានអនុវត្តតាមបញ្ជីទំនិញទ្វេមុខរបស់ EU ផងដែរ ។ ជាពិសេស កម្ពុជា បានស្នើសុំជំនួយជាអ្នកជំនាញក្នុងការជួយដល់កម្ពុផងដែរ ភាគីសហរដ្ឋអាមេរិក ក៏បានយល់ព្រមក្នុងការស្នើសុំនេះផងដែរ ។
៣. ចង់ដឹងពីការអនុវត្តរបស់ កម្ពុជា ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ថាតើ កម្ពុជា បានធ្វើការហាមឃាត់រាល់ការដឹកជញ្ជូនទំនិញទៅកាន់រុស្ស៊ី និងអ៊ុយក្រែន ដែរ ឬទេ? ព្រោះសហរដ្ឋអាមេរិក មានក្តីបារម្ភ និងអាណិតអាសូរជាខ្លាំងចំពោះប្រជាជនអ៊ុយក្រែន។ ចំពោះមតិតបរបស់ប្រធានគណៈប្រតិភូ គឺកម្ពុជា តែងតែគោរពរាល់បទបញ្ញាតិ ដែលមានក្នុងបញ្ជីទណ្ឌកម្ម ដែលបានដាក់ចេញដោយ អ.ស.ប ។
-កិច្ចប្រជុំជាមួយស្ថាប័នគយរបស់សហរដ្ឋអាមេរិក ដឹកនាំដោយ លោក Ian Saunder ជាបេក្ខជនរបស់សហរដ្ឋអាមេរិកសម្រាប់តំណែងជាអគ្គលេខាធិការនៃអង្គការគយពិភពលោក (WCO) កិច្ចប្រជុំនេះ គ្រាន់តែជាការណែនាំខ្លួនរបស់ លោក Ian Saunder ដែលជាបេក្ខជនឈរឈ្មោះក្នុងតំណែងជាអគ្គលេខាធិការនៃ WCO ប៉ុណ្ណោះ ជាពិសេស លោក ក៏បានស្នើសុំអោយកម្ពុជាជួយធ្វើការបោះឆ្នោតគាំទ្រដល់រូប លោក ផងដែរ ។ ហើយ លោក ក៏បានមានប្រសាសន៍ផងដែរដែរថា លោក នឹងបន្តរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នគយកម្ពុជា និងស្ថាប័នពាក់ព័ន្ធជានិច្ច ។
ចុងបញ្ចប់នៃសិក្ខាសាលា ប្រទេសម៉ាឡេស៊ីបានយល់ព្រមធ្វើជាម្ចាស់ផ្ទះ សម្រាប់សិក្ខាសាលាលើកទី១១ នៅឆ្នាំក្រោយនេះផងដែរ៕