ក្រុមហ៊ុន Microsoft កំពុងសាកល្បងលើការរចនារបារ Audio Mixer ឡើងវិញក្នុង Windows 11

0

ជាញឹកញាប់ ប្រព័ន្ធប្រតិបត្តិការ Windows គ្រប់គ្រងលើឧបករណ៍ដែលមានសំឡេងច្រើនដែលមានសំឡេងរំខាន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុន Microsoft ព្យាយាមផ្លាស់ប្ដូរបទពិសោធន៍នៃការគ្រប់គ្រងសម្លេងទាំងនោះជាច្រើនដង។

ជាឧទាហរណ៍ជាក់ស្តែង   កាលពីឆ្នាំ2021 ក្រុមហ៊ុន Microsoft សម្រួលឱ្យមានភាពងាយស្រួលពីរបៀបដែល Windows 10 អាចបែងចែកឧបករណ៍ភ្ជាប់ប្ល៊ូធូស។ បើទោះបីជាក្រុមហ៊ុន​ព្យាយាមផ្លាស់ប្តូរយ៉ាងណាក៏ដោយ ប៉ុន្តែជារឿយៗគេមានអារម្មណ៍ថា ប្រព័ន្ធប្រតិបត្តិការ OS មិនអាចប្តូររវាងការភ្ជាប់  សំឡេងចេញក្រៅឧបករណ៍ និងការគ្រប់គ្រងកម្រិតសំឡេងឱ្យមានភាពងាយស្រួលដូចដែលសំឡេងទាំងនោះគួរតែមាននោះទេ។

យ៉ាងណាមិញ គេសង្ឃឹមថា Quick Setting panel របស់ប្រព័ន្ធប្រតិបត្តិការ Windows 11 នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កែតម្រូវកម្រិតសំឡេងតាមមូលដ្ឋានកម្មវិធីនីមួយៗ។នៅទីបំផុត ក្រុមហ៊ុន Microsoft ប្រកាសដោះស្រាយបញ្ហាតូចនោះជាមួយនឹងអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows ទាំងអស់។ នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុនបញ្ជាក់ពី Windows 11 Insider Preview  កំណែចុងក្រោយ និងរួមបញ្ចូលទាំងឧបករណ៍លាយសំឡេងដោយប្រើការកំណត់រហ័ស (Quick Settings volume mixer)​ ដែលរចនាឡើងវិញ។

កំណែអាប់ដេតលើប្រព័ន្ធប្រតិបត្តិការ Windows 11 ថ្មីមិនត្រឹមតែអនុញ្ញាតឱ្យអ្នកអាចផ្លាស់ប្តូររវាងឧបករណ៍អូឌីយ៉ាប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចប្រើវាដើម្បីបើកមុខងារសម្លេង Spatial ក៏ដូចជាអាចកែតម្រូវកម្រិតសំឡេងតាមមូលដ្ឋាន ដែលវាជារឿងពីរដែលអ្នកមិនអាចធ្វើវានៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 11 ជំនាន់បច្ចុប្បន្ន។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុន Microsoft ក៏បន្ថែមនូវមុខងារផ្លូវកាត់ Shortcut ដើម្បីសម្រួលដល់ការចូលទៅប្រើប្រាស់មុខងារផ្សេងៗលឿនជាងមុនផងដែរ។ នៅពេលដែលអ្នកទទួលមុខងារថ្មីនេះហើយ សូមចុចលើក្តារចុច Windows + Ctrl + V ក្នុងពេលតែមួយដើម្បីបើកមុខងារគ្រប់គ្រងសម្លេងនោះ។

A screenshot of Windows 11's redesigned volume mixer, currently available to Windows Insiders.

ក្រុមហ៊ុន Microsoft និយាយពីការរចនាឡើងវិញនេះថា “ជាមូយនឹងការផ្លាស់ប្តូរថ្មី ឥឡូវនេះអ្នកអាចមានភាពងាយស្រួលជាងមុនក្នុងការគ្រប់គ្រងប្រភេទសម្លេងកាន់តែច្រើន និងធ្វើការចុចតិចជាងមុនដើម្បីគ្រប់គ្រងលើកម្មវិធីដែលអ្នកចូលចិត្ត”។

ដូចអ្វីដែលសារព័ត៌មាន Bleeping Computer ធ្លាប់ចង្អុលបង្ហាញ ការគ្រប់គ្រងសំឡេងបែបថ្មីនេះ គឺរំលឹកទៅដល់មុខងារ EarTrumpet mod ដ៏ពេញនិយម។ ក្រុមហ៊ុន Microsoft ពុំទាន់បង្ហើបពីកាលបរិច្ឆេទក្នុងការដាក់ឱ្យប្រើប្រាស់នូវមុខងារថ្មីនេះនោះទេ ប៉ុន្តែយើងជឿជាក់ថា មុខងារនេះនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ៕

ប្រភពព័ត៌មាន Engadget ចុះផ្សាយថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here