សាលាស្រុកពាមរក៍ ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ភន បូរ៉ាមី សមាជិក ល.គ.ជ.ប.ភ. តំណាង ដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី អនុប្រធាន លេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងពី “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” ដោយមានការ អញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្ដម ពេជ្រ សុត្ថារ័ត្ន អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង តំណាងឯកឧត្តម អភិបាលខេត្ត លោក ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក នាយករដ្ឋបាល នាយករងរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងចំនួន ៦៥នាក់។ គោលបំណងនៃកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនេះ ផ្តោតសំខាន់លើ ៖
១-កំណត់តួនាទី និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់៖ ធានាថាគ្រប់អង្គភាព កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ យល់ដឹងច្បាស់ពីភារកិច្ច និងកាតព្វកិច្ចរៀងៗខ្លួនក្នុងការបង្ការ បង្ក្រាប និងសង្គ្រោះក្នុងករណីមានហេតុការណ៍កើតឡើង
២-បង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ពង្រឹងការផ្លាស់ប្តូរព័ត៌មាន/ព័ត៌មានចារកម្ម និងការធ្វើការរួមគ្នាដោយរលូន រវាងស្ថាប័នស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដើម្បីឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាព
៣-ទប់ស្កាត់ការរំលោភបំពាន និងប្រភពហិរញ្ញប្បទានភេរវកម្ម បញ្ជ្រាបការយល់ដឹងអំពីការបង្ការការជ្រូតជ្រាបនៃមនោគមវិជ្ជាជ្រុលនិយម និងការទប់ស្កាត់ការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុក្នុងអំពើភេរវកម្ម
៤-រក្សាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពជាតិការពារអាយុជីវិតប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជាតិ និងបង្កើនទំនុកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរណ៏។


















