ខេត្តស្ទឹងត្រែង៖ នៅថ្ងៃ សុក្រ ១០កើត ខែ ចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៣ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន អនុប្រធាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានដឹកនាំប្រតិភូ ចុះទៅផ្សព្វផ្សាយ “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម” នៅសាលាខេត្តស្ទឹងត្រែង។ សិក្ខាសាលានេះ បានចាប់ផ្តើម នៅវេលាម៉ោង ៨:៣០នាទី ព្រឹក ក្រោមអធិបតីភាពរបស់ ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន និង ឯកឧត្តម ប៉ែន លីណាត អភិបាលរង នៃ គណៈ អភិបាលខេត្តស្ទឹងត្រែង ។
សមាសភាពចូលរួមក្នុងអង្គសិក្ខាសាលា រួមមាន ថ្នាក់ដឹកនាំខេត្ត ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក និង ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ចំណុះខេត្ត សរុប ចំនួន ៥០នាក់ (ស្រី ០៣នាក់)។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាមនូវការទទួលខុសត្រូវក្នុងការរៀបចំសម្របសម្រួល និងនីតិវិធីនានា ការត្រៀមខ្លួនជាមុន ការបង្ការ ការឆ្លើយតប និង ការស្ដារឡើងវិញ នៅពេលមានឧបទ្ទវហេតុភេរវកម្មកើតឡើង។ ក្នុងឱកាសដ៏មានតម្លៃនោះ ឯកឧត្តម បណ្ឌិត ក៏បានពាំនាំនូវមតិផ្តាំផ្ញើរបស់ ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង សូមឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ទប់ស្កាត់ឱ្យបាននូវរាល់សកម្មភាពទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់(ML) ហិរញ្ញប្បទានភេរវកម្ម (TF) និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF) ព្រោះថា ពួកភេរវករអាចធ្វើសកម្មភាពបាន លុះត្រាតែមានប្រភពហិរញ្ញវត្ថុ។
អង្គសិក្ខាសាលានេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង 11:30នាទី ប្រកបដោយបរិយាកាសរីករាយ និង ស្និទ្ធស្នាល ហើយសិក្ខាកាមម្នាក់ៗទទួលបានចំណេះដឹងថ្មីៗ ដែលពាក់ព័ន្ធនឹងការងារប្រឆាំងអំពើភេរវកម្ម ជាពិសេស ការប្រឆាំងនឹងការសម្អាតប្រាក់ (ML) ហិរញ្ញប្បទានភេរវ កម្ម (TF) និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF)។