ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អញ្ជើញក្នុងកម្មវិធីពិនិត្យនិងព្យាបាលជំងឺភ្នែក និងចាក់វាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ ដោយឥតគិតថ្លៃជូនពលរដ្ឋក្នុងខណ្ឌទួលគោក

0

កាលពីថ្ងៃអាទិត្យ ៨កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការរដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទួលគោក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី “ពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ” និងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលអញ្ជើញមកពីក្នុងខណ្ឌទួលគោក នៅសាលាបឋមសិក្សាទួលគោក។

កម្មវិធីនេះ ដំណើរការក្រោមកិច្ចសហការរវាងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទួលគោក និងមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ពិតជារីករាយដែលបានមកជួបជាមួយបងប្អួនប្រជាពលរដ្ឋនៅព្រឹកនោះ។ ឯកឧត្តមប្រធានបានបញ្ជាក់ថា “ក្រោមម្លប់សន្តិភាព ធ្វើឱ្យយើងត្រជាក់ត្រជុំ” “សន្តិភាពប្រៀបដូចអាយុជីវិតរបស់យើង” និងបានឱ្យយើងទាំងអស់គ្នាបានជួបជុំគ្នានៅថ្ងៃនេះផងដែរ អរគុណសន្តិភាព អរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី។

លើសពីនេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អាជ្ញាធរខណ្ឌទួលគោក នាយកសាលាបឋមសិក្សាទួលគោក ដែលបានយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់សុខាមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសខណ្ឌទួលគោក។ តាមរយៈសកម្មភាពមនុស្សធម៌នេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើសេវាសុខាភិបាល បង្ខិតឱ្យនៅជិតប្រជាពលរដ្ឋ ដើម្បីសម្រាលទុក្ខលំបាកដល់ពួកគាត់ប្រចាំថ្ងៃផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានជូនពរដល់បងប្អួនប្រជាពលរដ្ឋមកពីទូរទាំងរាជធានីភ្នំពេញ សូមជួបប្រទះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងពរសម្តេចសង្ឃជួនណាត បដិភាណៈ ព្រមទាំងពរសម្តេចតោជោ សន្តិភាព និងអភិវឌ្ឍនៈភាព៕

   

LEAVE A REPLY

Please enter your comment!
Please enter your name here