កិច្ចប្រជុំលើកទី១ ក្រុមការងារវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (វិស័យទី១៥ PF-Module 15)

0

ឯកឧត្តម ទ្រី ត្រាយ អនុប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការជាតិប្រឆាំងភេរវកម្ម    (ល.គ.ជ.ប.ភ.) និងជាសមាជិកគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) ក្នុងនាម ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី អនុប្រធាន ល.គ.ជ.ប.ភ. និងជាអនុប្រធាន គ.ស.ហ. បានអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ បើក និងបិទកិច្ចប្រជុំលើកទី១ ក្រុមការងារវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (វិស័យទី១៥ PF-Module15)

=================================

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារ Hyatt Regency Phnom Penh ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. និងជាសមាជិក គ.ស.ហ. បានអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងពីធីបើកកិច្ចប្រជុំលើកទី១ ក្រុមការងារវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (វិស័យទី១៥ PF-Module15) ដែលខណៈនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាប្រធាន-អនុប្រធាន និងជាសមាជិកក្រុមការងារ វិស័យទី១៥ PF-Module15 មកពីក្រសួង-ស្ថាប័នចំនួន ២១ សរុបមានចំនួន ៣៣រូប ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារបច្ចេកទេស ល.គ.ជ.ប.ភ. និងក្រុមការងារសម្របសម្រួលរដ្ឋបាល សរុបចំនួន ២២រូបផ្សេងទៀត។

កិច្ចប្រជុំនេះ ឯកឧត្តម ហង់ ផល្លា ប្រធានក្រុមការងារវិស័យទី១៥ PF-Module15 បានអានសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារវាយតម្លៃ វិស័យទី១៥ PF-Module15 និងបានរាយការណ៍ជូនអង្គប្រជុំនូវវឌ្ឍនភាពការងារនៃការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ វិស័យទី១៥ PF-Module15 ហើយនិងបានដឹកនាំការងារពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយនានា ជាមួយនឹងសមាជិកក្រុមការងារ វិស័យទី១៥ PF-Module15 ។

ក្រោយពីកិច្ចពិភាក្សា អ្នកចូលរួមទទួលបាននូវព័ត៌មានចែករំលែកពីគ្នាយ៉ាងច្រើន និងបានយល់កាន់តែច្បាស់អំពីការងារវាយតម្លៃ វិស័យទី១៥ PF-Module15 នេះ ហើយនិងបានឯកភាពគ្នាក្នុងការបន្តសហការធ្វើការងារនេះបន្តទៀត ដោយប្រធានក្រុមការងារដឹកនាំពិភាក្សា បានកំណត់ពេលវេលាឱ្យសមាជិកក្រុមការងារ វិស័យទី១៥ PF-Module15 ចូលរួមផ្តល់ធាតុចូលពាក់ព័ន្ធតាមការស្នើសុំឱ្យបានមុនដំណាច់ខែសីហា ឆ្នាំ២០២៥ នេះ ដើម្បីក្រុមការងារបច្ចេកទេស ល.គ.ជ.ប.ភ. មានពេលគ្រប់គ្រាន់ ក្នុងការរៀបចំធាតុចូលទទួលបានធ្វើជាមូលដ្ឋានសម្រាប់ការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងធ្វើរបាយការណ៍វាយតម្លៃនេះ តាមការចាត់តាំងរបស់ គ.ស.ហ.។

ជាចុងបញ្ចប់ ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. បានសម្តែងនូវអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ និងលោក លោកស្រី នាងកញ្ញាជាប្រធាន-អនុប្រធានសមាជិកក្រុមការងារ Moudul15 ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏ដូចជា ការកោតសរសើរចំពោះការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅតាមក្រសួង-ស្ថាប័ននានា ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់មតិយោបល់យ៉ាងផុសផុលនេះ ហើយនិងបានប្រកាស បិទកិច្ចប្រជុំលើកទី១ របស់ក្រុមការងារវាយតម្លៃ វិស័យទី១៥ PF-Module 15 នាពេលនេះតទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here