ឯកឧត្តម ហង់ ផល្លា សមាជិក លេខាធិការដ្ឋាននៃគណ:កម្មាធិការជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ.) និងជាប្រធានក្រុមការងារម៉ូឌុលទី៨ ស្តីពីហិរញ្ញប្បទានភេរវកម្ម និងទី១៥ ស្តីពីហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ អនឡាញ ជាមួយធនាគារពិភពលោកស្តីពីការណែនាំអំពីឧបករណ៍វាយតម្លៃហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
=================================
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហង់ ផល្លា សមាជិក លេខាធិការដ្ឋាននៃគណ:កម្មាធិការជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ.) បានដឹកនាំកិច្ចប្រជុំស្តីពីការណែនាំឧបកររណ៍វាយតម្លៃរបស់វិស័យទី១៥ ជាមួយធនាគារពិភពលោក ក្រោមការសម្របសម្រួលពីអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារបច្ចេកទេស (ល.គ.ជ.ប.ភ.)។
ក្នុងកិច្ចប្រជុំនេះ ល.គ.ជ.ប.ភ. បានស្តាប់ការណែនាំរបស់វាគ្មិនជំនាញធនាគារពិភពលោកស្តីពីវាយតម្លៃហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យពាក់ព័ន្ធនឹងនីតិវិធី និងវិធីសាស្ត្រនៃការវាយតម្លៃ និងបានស្នើសុំការបណ្តុះបណ្តាលបច្ចេកទេសអំពីវិធីប្រើប្រាសឧបករណ៍ ការកំណត់ពេលវេលា (Timeline) និងគំរូនៃការវាយតម្លៃដែលធនាគារពិភពលោកធ្លាប់បានធ្វើកន្លងមក។
ជាលទ្ធផល ធនាគារពិភពលោក បានយល់ព្រមគាំទ្រផ្តល់ការបណ្តុះបណ្តាលស្តីពីការវាយតម្លៃដូចបានរៀបរាប់ខាងលើ ហើយបន្ទាប់ពីកិច្ចប្រជុំនេះ នឹងបន្តការទាក់ទងគ្នាជាមួយអ្នកជំនាញធនាគារពិភពលោក ហើយនឹងចាប់ផ្តើមការបណ្តុះបណ្តាល នៅសប្តាហ៍ទី១ នៃខែកញ្ញា នឹងមានកិច្ចប្រជុំតាម អនឡាញ បន្តបន្ទាប់ទៀត រហូតដល់ការសរសេររបាយការណ៍ចប់។
ជាចុងបញ្ចប់ ឯកឧត្តម ហង់ ផល្លា បានសម្តែងនូវអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធិ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរ៉ា លោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី ឯកឧត្តម ស្រ៊ីន សុវណ្ណ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម និងបានចូលរួមផ្តល់មតិយោបល់ និងបានអរគុណដល់ក្រុមការងារធនាគារពិភពលោក ដែលបានសម្រេចជួយគាំទ្រជ្រោមជ្រែងដល់ក្រុមការងារវិស័យទី១៥ យើង ឱ្យមានសមត្ថភាពក្នុងការវាយតម្លៃប្រកបដោយប្រសិទ្ធភាព ហើយនិងបានអរគុណអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដែលបានសម្របសម្រួលឱ្យមានកិច្ចប្រជុំនេះឡើង។












