អង់គ្លេស៖ មនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួននៅខាងក្រៅតុលាការមួយក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ បន្ទាប់ពីពួកគេបានបង្ហាញការគាំទ្រដល់ក្រុមបាតុករប៉ាឡេស្ទីន(Palestine Action ) ដែលត្រូវបានរដ្ឋាភិបាលអង់គ្លេសហាមឃាត់ និងចាត់ទុកថាជាអង្គការភេរវកម្ម នេះបើតាមអ្នកយកព័ត៌មាន APA ដែលបានស្រង់ខ្លឹមសារព័ត៌មានពីប្រភព AP។
ការចាប់ខ្លួននេះបានកើតឡើង ខណៈពេលដែលក្រុមបាតុករប៉ាឡេស្ទីន ទទួលបានការអនុញ្ញាតឱ្យដាក់សំណើទៅកាន់តុលាការកំពូលអង់គ្លេស ដើម្បីស្នើសុំលុបចោលការហាមឃាត់ដែលបានអនុវត្តអស់រយៈពេលមួយឆ្នាំ។ ការហាមឃាត់នេះកំណត់ថា ការធ្វើជាសមាជិក ឬការបង្ហាញការគាំទ្រចំពោះក្រុមនេះ គឺជាបទល្មើសដែលអាចមានទោសជាប់ពន្ធនាគាររហូតដល់ ១៤ឆ្នាំ។
ប៉ូលិសបានឃាត់ខ្លួនក្រុមបាតុករដែលប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការវេសមីនីស្ទ័រ ម៉ាជីស្ត្រេត(Westminster Magistrates) ខណៈពួកគេបានស្រែកថា “ខ្ញុំប្រឆាំងនឹងអំពើប្រល័យពូជសាសន៍ ខ្ញុំគាំទ្រសកម្មភាពប៉ាឡេស្ទីន”។ ជាមួយគ្នានោះ អ្នកឈរមើលបានស្រែកថា “គួរឲ្យអាម៉ាស់! “។ ប៉ូលីសទីក្រុងបានឲ្យដឹងថា មនុស្ស ១១៧ នាក់ត្រូវបានចាប់ខ្លួន ដែលភាគច្រើនត្រូវបានចោទប្រកាន់ពីបទ “សម្តែងការគាំទ្រចំពោះអង្គការដែលត្រូវបានហាមឃាត់” ។
សូមបញ្ជាក់ផងដែរថា មនុស្សមិនតិចជាង ៣.០០០នាក់ត្រូវបានចាប់ខ្លួនដោយសកម្មភាពសាមញ្ញមួយចំនួនដូចជាការកាន់ស្លាកសញ្ញាដែលមានខ្លឹមសារថា “ខ្ញុំគាំទ្រដល់ក្រុមបាតុករប៉ាឡេស្ទីន” ដោយសារតែក្រុមនេះត្រូវបានគេហាមឃាត់។ ក្នុងចំណោមនោះ មនុស្សជាង ១.២០០នាក់ត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រឆាំងភេរវកម្ម ប៉ុន្តែមកទល់ពេលនេះ មិនទាន់មាននរណាម្នាក់ត្រូវបានតុលាការផ្ដន្ទាទោសនៅឡើយទេ៕
ប្រភព apa ចុះផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្មបង្ក្រាប)










