កំពង់ផែភ្នំពេញចំណតទូដាក់ទំនិញថ្មី (ខ្សុំ-ខេត្តកណ្តាល) ៖ ក្នុងគំរោងទស្សនៈកិច្ចសិក្សាលើគំរូប្លង់លំអិតរបស់ក្រសួងថាមពលសហរដ្ឋអាមេរិក បានប្រព្រឹត្តិទៅពីថ្ងៃទី ១៣-១៤ ខែ កក្កដា ឆ្នាំ ២០១៥ នៅសាលប្រជុំកំពង់ផែស្វយ័តក្រុងភ្នំពេញ នាចំណតទូទុកដាក់ទំនិញថ្មី ក្នុងខេត្តកណ្តាល ដែលមានសមាសភាពមកពីលេខាធិការដ្ឋាន គ.ជ.ប.ភ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (សាខាគយ និងរដ្ឋាករប្រចាំកំពង់ផែភ្នំពេញ) និងតំណាងកំពង់ផែស្វយ័តក្រុងភ្នំពេញ ពិភាក្សាជាមួយតំណាងរបស់ក្រសួងថាមពលសហរដ្ឋអាមេរិក និងតំណាងក្រុមហ៊ុន សេសតិច របស់សហរដ្ឋអាមេរិកផងដែរ ។ ក្រៅពីការពិភាក្សាលើគំរោងប្លង់ទីតាំងដែលត្រូវបំពាក់ឧបករណ៍ដែលត្រូវតម្លើង គណៈប្រតិភូក៏បានចុះពិនិត្យទីតាំងផ្ទាល់សំរាប់ការតម្លើងផងដែរ ដែលរួមមានទីតាំងសំរាប់ការបំពាក់ឧបករណ៍ Radiactive Portal Monitor (RPM) ទីតាំងត្រួតពិនិត្យលើកទី ២ (Secondary Inspection) និងមជ្ឈមណ្ឌលប្រតិបត្តិការលើសម្លេងរោទ៍ ( CAS) ។
ក្រោយការសិក្សា និងពិភាក្សាចប់ គំរោងបំពាក់ឧបករណ៍អាចនឹងត្រូវបានចាប់ផ្តើមការសាងសង់នៅត្រីមាសទី៣ ក្នុងឆ្នាំនេះ ហើយគ្រោងនឹងបញ្ចប់នៅដើមត្រីមាសឆ្នាំ២០១៦ សំរាប់ដាក់ឲ្យដំណើរការ ។ សូមបញ្ជាក់ថា នេះជាគំរោងរួមគ្នារវាងភាគីកម្ពុជា (ល.គ.ជ.ប.ភ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពង់ផែស្វយ័តភ្នំពេញ) និងភាគីសហរដ្ឋអាមេរិក (ក្រសួងថាមពល និងក្រសួងការពារជាតិ) រួមជាមួយនិងគំរោងសិក្សាស្រាវជ្រាវរួមរបស់សហគមន៍អ៊ឺរ៉ុប ៕