ប្រទេសតួកគី៖ លោក អាលី យឺលីកាយ៉ា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីបាននិយាយនៅថ្ងៃអង្គារថា កងកម្លាំងសន្តិសុខតួកគីបានចាប់ខ្លួនជនសង្ស័យ៦៥នាក់ដែលមានទំនាក់ទំនងជាមួយសមាជិកគណបក្សពលករឃឺដ (PKK) ខុសច្បាប់ ក្នុងប្រតិបត្តិការដែលត្រូវបានអនុវត្តនៅទូទាំង១៧ខេត្ត។
ក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក យឺលីកាយ៉ា បាននិយាយថា ប្រតិបត្តិការដែលមានរយៈពេលមួយសប្តាហ៍ត្រូវបានសម្របសម្រួលដោយការិយាល័យរដ្ឋអាជ្ញា អង្គភាពប្រឆាំងភេរវកម្មប៉ូលិស និងនាយកដ្ឋានស៊ើបការណ៍សម្ងាត់។
លោកបាននិយាយដោយមិនបានបញ្ជាក់លម្អិតពីពេលវេលាថា ការវាយឆ្មក់ទាំងនោះមានឈ្មោះថា “Mace-36” ធ្វើឡើងនៅក្នុង១៧ខេត្តក្នុងនោះមានដូចជា ខេត្តអាដាណា ខេត្តអេនថាលយ៉ា ខេត្តឌីយ៉ាប៉ាគៀរ ខេត្តហ្កាស្ហៀរថេប ទីក្រុងអ៊ីស្តង់ប៊ុល និងទីក្រុងអ៊ីហ្សីមៀរ។
“យើងប្តេជ្ញាបន្តការតស៊ូរបស់យើងដើម្បីប្រទេសតួកគីគ្មានអំពើរភេរវកម្ម ដែលនឹងមិនមានកន្លែងមានអំពើរហិង្សា និងអស្ថិរភាពនោះឡើយ” នេះបើតាមសម្តីរបស់លោក យឺលីកាយ៉ា ដោយសំដៅលើគំនិតផ្តួចផ្តើមថ្មីដែលមានបំណងបង្ខំគណបក្សពលករឃឺដទម្លាក់អាវុធ។
ជនសង្ស័យទាំងអស់ត្រូវបានចោទប្រកាន់ពីបទចែកចាយមនោគមវិជ្ជាភេរវកម្មលើបណ្តាញ សង្គម គឺជាសមាជិកនៃក្រុមយុវជនរបស់គណបក្សពលករឃឺដ(PKK) និងផ្តល់ហិរញ្ញប្បទានដល់អង្គការភេរវកម្ម។ កងកម្លាំងសន្តិសុខបានរឹបអូសអាវុធគ្មានអាជ្ញាប័ណ្ណជាច្រើនក្នុងអំឡុងនៃប្រតិបត្តិការ ។
គួររំលឹកផងដែរថា គណបក្សពលករឃឺដដែលត្រូវបានកំណត់ថាជាអង្គការភេរវករដោយប្រទេតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានបះបោរប្រឆាំងរដ្ឋាភិបាលតួកគីអស់រយៈពេលជាង៤ទសវត្សរ៍មកហើយ៕