ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៥
ប្រទេសអាហ្គានីស្ថាន៖ របាយការណ៍បានអោយដឹងថាយ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នានៅព្រលានយន្តហោះក្នុងក្រុង កាន់ដាហារ (Kandahar) ប្រទេសអាហ្គានីស្ថាន។ ពួកសកម្មប្រយុទ្ឋតាលីបង់បាននិយាយថាខ្លួនជាអ្នកអនុវត្តការវាយប្រហារនៅព្រលានយន្តហោះនេះកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ។ បរិវេណព្រលានយន្តហោះនេះជាកន្លែងរួមគ្នារវាងអង្គការណាតូនិងទីបញ្ជាការយោធាអាហ្គានីស្ថាន។ អ្នកនាំពាក្យអភិបាលខេត្ត Samim Khopalwaq បានប្រាប់សារព័ត៌មាន AFP ថា៖ ក្រុមបះបោរជាច្រើនបានអនុវត្តការវាយប្រហារនេះ។ មន្ត្រីបាននិយាយថា ក្រុមអ្នកវាយប្រហារបានប្រយុទ្ឋគ្នាជាមួយទាហាននៅខាងក្នុង។ សេចក្តីថ្លែងការណ៍មួយអះអាងដោយពួកតាលីបង់អោយដឹងថាពួកគេបានសម្លាប់ទាហានជាង ៨០នាក់បើទោះបីជាតួរលេខនេះមិនទាន់បានផ្ទៀងផ្ទាត់នៅឡើយ។ លោក Raziq Shirzai មេបញ្ជាការកងទ័ពអាកាសអាហ្គានីស្ថាននៅក្នុងតំបន់ភាគខាងត្បូងបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន BBC ថាមានជនស៊ីវិលមួយចំនួនក្នុងចំណោមអ្នកស្លាប់និងរងរបួសនោះ ហើយយ៉ាងហោចណាស់មានមនុស្ស ២០នាក់រងរបួស។ មិនទាន់មានព័ត៌មានច្បាស់ការណ៍នៅឡើយថាការប្រយុទ្ធគ្នាបានបញ្ចប់ ចំណែកឯពួកសកម្មប្រយុទ្ធប៉ុន្មាននាក់ត្រូវបានសម្លាប់នោះក៏មិនទាន់ដឹងដែរ។ របាយការណ៍បាននិយាយថាពួកសកម្មប្រយុទ្ធដាក់ទីតាំងនៅក្នុងសាលារៀនមួយកន្លែង។ មេបញ្ជាការអាហ្វហ្គានីស្ថានម្នាក់នៅក្នុងក្រុងកាន់ដាហារ (Kandahar) លោក Dawood Shah Wafadar បានប្រាប់សារព័ត៌មាន BBC ថាពួកសកម្មប្រយុទ្ធបានចូលក្នុងផ្ទះមួយហើយបានចាប់គ្រួសារនោះជាចំណាប់ខ្មាំង។ នាយកព្រលានយន្តហោះ Ahmadullah Faizi ប្រាប់សារព័ត៌មាន AFP ថាអ្នកដំណើរមួយចំនួនដែលកំពុងរង់ចាំហោះហើរទៅកាន់ប្រទេសឥណ្ឌាត្រូវបានជាប់នៅក្នុងស្ថានីយជនស៊ីវិលនៃព្រលានយន្តហោះដើម្បីការពារពីការប្រយុទ្ធគ្នាក្នុងអំឡុងនៃការវាយប្រហារ។