ប្រភពព័ត៌មានពី Fox News ចេញផ្សាយថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៥
ស្តេចថ្នាំញៀនជនជាតិម៉ិកស៊ិកកូ Joaquin El Chapo Guzman មានសត្រូវជាច្រើនដូចជារដ្ឋាភិបាលប្រទេសម៉ិកស៊ិកកូ ប្រតិបត្តិការរដ្ឋបាលការជួញដូរថ្នាំញៀន លោក Donald Trump។ ប៉ុន្តែឥឡូវនេះ អ្នកជួញដូរថ្នាំញៀនដែលមានឥទ្ធិពលបំផុតនៅក្នុងពិភពលោកកំពុងតែមានជម្លោះជាមួយអង្គការដែលសាហាវបំផុតក្នុងពិភពលោកគឺក្រុម ISIS។ កំហឹងរបស់ Chapo មកលើក្រុមជីហាដនិយមមិនមែនផុសចេញពីជនរងគ្រោះនៃការវាយប្រហារចុងក្រោយនៅទីក្រុងប៉ារីសឬ San Bernardino នោះទេ ប៉ុន្តែជាការដែលក្រុម ISIS បានបំផ្លាញនាវាដឹកគ្រឿងញៀនរបស់ Sinaloa Cartel ដែលកំពុងធ្វើដំណើរឆ្លងកាត់មជ្ឈឹមបូពា៌។ ពាក្យគំរោះគំរើយក្នុងអ៊ីមែលប្រើមកលើក្រុម ISIS ដែលបានបែកធ្លាយតាមបណ្ដាញ Cartel Blog ថា លោក Guzman បានបញ្ជូនការព្រមានមួយដល់មេដឹកនាំក្រុម ISIS លោក Abu Bakr al Baghdadi អំពីការជ្រៀតជ្រែកជាមួយអាជីវកម្មរបស់ Cartel នេះ។ លោក Guzman បានសរសេរថា ឯង (ក្រុម ISIS) មិនមែនជាទាហានទេ។ ឯងគ្មានអ្វីគួរអោយខ្លាចទេ។ ព្រះរបស់ឯងមិនអាចជួយអោយឯងគេចផុតពីការភ័យខ្លាចពិតដែលមនុស្សរបស់យើងនឹងធ្វើប្រសិនបើអ្នកឯងនៅតែបន្តប៉ះពាល់ដល់ប្រតិបត្ដិការរបស់ពួកយើង។ លោក Guzman បន្ថែមថា៖ មនុស្សរបស់យើងនឹងកំទេចឯង។ ពិភពលោកនេះមិនឋិតលើការកំណត់របស់ឯងទេ។ យើងមានការអាណិតដល់កូនប្រុសនៃស្រីលក់ខ្លួនម្នាក់ដែលព្យាយាមបង្អាក់អាជីវកម្មរបស់ Sinaloa Cartel នេះណាស់។ យើងនឹងកាត់អណ្តាតនិងបេះដូងរបស់ពួកឯង។ Sinaloa Cartel ជាក្រុមជួញដូរគ្រឿងញៀនដ៏ធំបំផុតក្នុងពិភពលោក ជាមួយនឹងការប្រតិបត្ដិការទូទាំងទ្វីបអាមេរិក, អឺរ៉ុប, អាហ្វ្រិក, អូស្រ្តាលីនិងអាស៊ី។ នៅមជ្ឈឹមបូពា៌ក្រុម Cartel នេះជាអ្នកចែកចាញកូកាអ៊ីនដ៏ធំមួយ និងថ្នាំគ្រវីទៅកាន់សេដ្ឋីប្រេងព្រមទាំងពាណិជ្ជករទូទាំងតំបន់។ ទោះជាយ៉ាងណា ក្រុមសកម្មប្រយុទ្ឋរដ្ឋអ៊ីស្លាម IS ស្អប់ខ្ពើមការប្រើប្រាស់ថ្នាំញៀននិងបានបំផ្លាញការនាំចេញរបស់ក្រុម Cartel។ ខណៈដែលក្រុមនេះបានបង្ហោះការគំរាមកំហែងសង្រ្គាមដល់ក្រុម ISIS នោះ រហូតមកដល់ពេលនេះក្រុម ISIS មិនបានឆ្លើយតបទៅនឹងការគំរាមកំហែងពី Guzman នេះទេ។ នៅក្នុងលិខិតរបស់លោក Guzman បានបង្ហើបថា ប្រសិនបើគាត់ទទួលជោគជ័យក្នុងការកំទេចក្រុមភេរវករនោះគាត់គួរតែត្រូវបានផ្ដល់អភ័យឯកសិទ្ធិពីការកាត់ទោស។ គួរបញ្ជាក់ផងដែរថា លោក Guzman បានរត់គេចខ្លួនពីពន្ធនាគារដែលមានសន្តិសុខខ្ពស់ក្នុងប្រទេសម៉ិកស៊ិកកាលពីដើមឆ្នាំនេះ ដែលជាកន្លែងដែលគាត់ត្រូវរង់ចាំការកាត់ទោសពីបទជួញដូរគ្រឿងញៀន។ Guzman បានសរសេរថា វាជារឿងហួសចិត្តមួយដែលក្រុមកំទេច ISIS នោះគឺជាក្រុមជួញដូរគ្រឿងញៀន Cartel El Chapo។ នេះហាក់ដូចជាភារកិច្ចមួយសំរាប់ពួកគេ ហើយមានតម្លៃក្នុងការផ្តល់អភ័យឯកសិទ្ធិដល់ជននេះជាថ្នូរសម្រាប់គាត់និងក្រុមរបស់គាត់ក្នុងការកំទេចក្រុម ISIS។