មនុស្សជាង ៦០នាក់ស្លាប់ ៨០នាក់រងរបួសក្នុងការវាយប្រហារដោយរថយន្តបំផ្ទុះគ្រាប់បែកចំនួន៣ក្នុងក្រុងគ្រិស្ដសាសនាប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១១ ខែ​ ធ្នូ ឆ្នាំ ២០១៥

រថយន្តបំផ្ទុះគ្រាប់បែកចំនួន ៣គ្រឿងបានផ្ទុះឡើងធ្វើអោយមនុស្សស្លាប់រហូតដល់ទៅ ៦០នាក់ និងរងរបួសជាង ៨០នាក់ផ្សេងទៀតក្នុងក្រុង Tell Tamer នៅភាគឦសានខេត្ត Al Hasakah ប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍។ ការផ្ទុះនេះបានកើតឡើងនៅក្បែរមន្ទីរពេទ្យកងកម្លាំងជីវពលឃើដ និងនៅទីផ្សារ Souk Al Jumla​ ដែលជាកន្លែងដែលមានអ្នកស្លាប់ច្រើនជាងគេ។ ភាគច្រើននៃជនរងគ្រោះគឺជាជនស៊ីវិល ហើយក៏មានយុទ្ធជនឃឺដនិងអាសស៊ើរមួយចំនួនក្នុងចំណោមពួកគេផងដែរ។ រថយន្តទាំងនេះបានបំពាក់នូវបរិមាណជាតិផ្ទុះយ៉ាងខ្លាំងដែលជាហេតុបណ្តាលឱ្យខូចខាតអគារនិងហេដ្ឋារចនាសម្ព័ន្ធនៅក្បែរនោះ។ ស្ត្រីម្នាក់បាននិយាយនៅក្នុងខ្សែវីដេអូមួយដែលបានថតបន្ទាប់ពីការវាយប្រហាររបស់ភេរវករនិងចេញផ្សាយនៅលើគេហទំព័រ YouTube ដោយទីភ្នាក់ងារសារព័ត៌មាន Ajansa Hawar ANHA ថា យើងអាចយល់បានថាប្រសិនបើពួកគេ (ភេរវករ) ប្រយុទ្ធគ្នាជាមួយពួក YPG នោះ តែពួកគេបំផ្លាញទីក្រុងរបស់យើង សម្លាប់កុមារតូចៗ បំផ្លាញគេហដ្ឋានជាច្រើន តើពួកគេមានសិទ្ឋអ្វី? ពួកគេគ្មានសិទ្ធិបំផ្លាញផ្ទះរបស់យើង និងយកកុមារចេញពីឪពុករបស់គេទេ។ បុរសចំណាស់ម្នាក់បានឱ្យដឹងនៅក្នុងវីដេអូថា (ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម) កំពុងតែសម្លាប់ជនស្លូតត្រង់មិនដឹងអី នេះមិនមែនជាសាសនាអ៊ីស្លាមទេ នេះគឺក្បត់នឹងសាសនាហើយ ពួកគេគ្មានចិត្តអាណិតអាសូរ គ្មានសារជាតិជាមនុស្សហើយគ្មានអារម្មណ៍នោះទេ។ ពួកគេជាជនព្រៃផ្សៃគ្មានសាសនាណាទទួលយកពួកគេទេ។ ក្នុងសេចក្តីថ្លែងការណ៍មួយបានអោយដឹងថាកងកម្លាំងសន្តិសុខឃើដបានបន្ទោសការវាយប្រហារនេះមកលើក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS,ISIS/ISIL)។ ទីក្រុង Tell Tamer នេះត្រូវបានគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធ ឃើដ YPG ប្រយុទ្ធប្រឆាំងក្រុម IS ក្នុងប្រទេសស៊ីរី។ ទីក្រុងនេះក៏ជាសហគមន៍គ្រីស្ទានអាសស៊ើរផងដែរ​ ដែលបានក្លាយជាគោលដៅនៃការវាយប្រហារភេរវកម្មរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS, ISIS/ ISIL) នៅប៉ុន្មានខែចុងក្រោយនេះ។ ក្នុងខែកញ្ញាពួកសកម្មប្រយុទ្ធ IS បានរៀបចំការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ក្នុងក្រុង Hasakah ដែលបានសម្លាប់មនុស្ស ៣៩នាក់និងរបួសជាង ១០០នាក់។ ក្រុមភេរវករកំណត់គោលដៅវាយប្រហារទីស្នាក់ការកណ្តាលនៃកងកម្លាំងរដ្ឋាភិបាលឃើដ ប៉ុន្តែភាគច្រើននៃជនរងគ្រោះគឺជាជនស៊ីវិលនេះបើយោងតាម TASS ។ ក្នុងខែកុម្ភៈពួកសកម្មប្រយុទ្ឋ IS បានចាប់ចំណាប់ខ្មាំងគ្រិស្ដសាសនិកក្នុងស្រុកចំនួន ២០០នាក់និងបានបំផ្លាញវិហារសាសនាក្នុងតំបន់ចំនួន ៥។ គួរបញ្ជាក់ផងដែរថាជម្លោះនៅប្រទេសស៊ីរីបានសម្លាប់ជីវិតមនុស្សជាង ២៥០.០០០នាក់ហើយ នេះបើយោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ។ វិបត្តិនេះបានបង្ខំអោយប្រជានជនស៊ីរីជាង ៦,៥លាននាក់ផ្លាស់ទីលំនៅនិង ៤,៣លាននាក់ទៀតភៀសខ្លួនចេញពីប្រទេសនេះ។ ពួកគេស្វែងរកការជ្រកកោននៅក្នុងប្រទេសជិតខាងនិងអឺរ៉ុប។

Syri Bomb 12-12-15Syri Bomb 12-12-15_1Syri Bomb 12-12-15_2