ការវាយប្រហារតាមអាកាសសម្លាប់ក្រុមភេរវករ ISIS ៣៥០នាក់នៅរ៉ាម៉ាឌី

0

ប្រភពព័ត៌មានពី Fox News ចេញផ្សាយថ្ងៃទី ១១ ខែ​ ធ្នូ ឆ្នាំ ២០១៥

អ្នកនាំពាក្យយោធាសហរដ្ឋអាមេរិកបានឱ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមបះបោរនេះបានបាត់បង់នូវសមាជិករបស់ខ្លួនជាងពាក់កណ្តាលនៃកងកម្លាំងការពាររបស់ពួកគេ ដោយសារការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបានសម្លាប់ក្រុមសកម្មប្រយុទ្ឋ ISIS ប្រមាណ ៣៥០នាក់នៅទីក្រុង រ៉ាម៉ាឌី។ វរសេនីយ៍ឯកលោក Steve Warren អ្នកនាំពាក្យបញ្ជាការយោធាសហរដ្ឋអាមេរិកនៅទីក្រុងបាដាដបានប្រាប់អ្នកកាសែតនៅមន្ទីរបញ្ចកោណថាមានពួកសកម្មប្រយុទ្ឋ ISIS​ ប្រមាណជា ៦០០ ទៅ ១០០០ នាក់នៅក្នុងទីក្រុង រ៉ាម៉ាឌី ដែលក្រុមនេះបានវាយយកកាលពីខែឧសភា។ ទោះបីជាមានការថយចុះនៃកងកម្លាំងក្រុម ISIS នេះក្រុមមន្រ្តីសហរដ្ឋអាមេរិកនៅមានការស្ទាក់ស្ទើរក្នុងការទស្សន៍ទាយអំពីរយៈពេលក្នុងការទាមទារមកវិញនូវទីក្រុងនេះ ដែលជារដ្ឋធានីនៃខេត្ត Anbar និងជាគន្លឹះក្តីសង្ឃឹមរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងការស្ដារឡើងវិញនៃព្រំដែនរបស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Ash Carter បាននិយាយដោយឡែកកាលពីថ្ងៃព្រហស្បតិ៍ថាដំណើរការរបស់អ៊ីរ៉ាក់ក្នុងការវាយយកមកវិញនូវក្រុង រ៉ាម៉ាឌី គឺយឺតខ្លាំងណាស់។ លោក Carter បន្តថាខ្ញុំប្រាកដថាវានឹងបរាជ័យ ហើយយើងនឹងជួយក្នុងការធ្វើអោយវាបរាជ័យ។ លោកបានបន្ថែមទៀតថាសហរដ្ឋអាមេរិកនឹងបញ្ចេញឧទ្ធម្ភាគចក្រប្រយុទ្ធរបស់កងទ័ពអាមេរិក Apache ទៅកាន់ក្រុង រ៉ាម៉ាឌី សំរាប់ការប្រយុទ្ឋនេះប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ាក់ស្នើសុំ ហើយនឹងមានការរៀបយុទ្ធសាស្រ្តខុសគ្នា។ ជាមួយនឹងកងទ័ពប្រហែល ១០០០០នាក់ ក្នុងនោះរួមមានប៉ូលីសសហព័ន្ធដែលប្តេជ្ញាចិត្តក្នុងការប្រយុទ្ធសម្រាប់ទីក្រុង រ៉ាម៉ាឌី។ លោកវរសេនីយ៍ Maj Gen Ismail al-Mahlawi ប្រធាននៃប្រតិបត្តិការយោធានៅក្នុងខេត្ត Anbar បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថាមានចំនួនពួកសកម្មប្រយុទ្ឋរដ្ឋអ៊ីស្លាម ISIS ប្រមាណ ៣០០នាក់កំពុងជាប់នៅកណ្តាលទីក្រុង រ៉ាម៉ាឌី ដែលស្ថិតនៅលើទន្លេ Euphartes។ ដោយឡែកលោក Warren បានប្រកាសថាការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកកាលពីចុងខែវិច្ឆិកាបានសម្លាប់មេដឹកនាំជាន់ខ្ពស់ ៣រូបរបស់ ISIS ក្នុងនោះរួមមានទាំង Abu Salah ដែលជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ក្រុមនេះនិងជាអ្នកកាន់តំណែងបន្តពីបណ្តាញអាល់កៃដាផងដែរ។ លោក Warren បន្តថា សម្លាប់គាត់និងកូនចៅរបស់គាត់គឺបានកាត់បន្ថយចំនេះដឹងនិងទេពកោសល្យដែលត្រូវការដើម្បីសំរបសំរួលលើការផ្តល់មូលនិធិក្នុងអង្គការនេះ។ អ្នកនាំពាក្យនិយាយថាការវាយប្រហារតាមអាកាសនេះក៏បានសម្លាប់លោក Abu Maryam ដែលជាអ្នកអនុវត្តនិងមេដឹកនាំជាន់ខ្ពស់នៃបណ្តាញជំរិតយកប្រាក់របស់ក្រុម ISIS នេះផងដែរ។ លោក Abu Rahman al-Tunisi ជានាយកប្រតិបត្តិក្រុម ISIS មានមុខងារសម្របសម្រួលផ្តល់ព័ត៌មានផ្ទេរមនុស្សនិងអាវុធ។ លោក Warren ឱ្យដឹងថាអ្នកទាំង ៣ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅជិតទីក្រុង Tal Afar ប្រទេសអ៊ីរ៉ាក់។

ISIS 14-12-15