ទាហានអ៊ីរ៉ាក់ជាង ២០នាក់ស្លាប់ និង៣០នាក់រងរបួសបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ​ ធ្នូ ឆ្នាំ ២០១៥

លោក Hakim al-Zamili ប្រធានសភាគណៈកម្មាធិការសន្ដិសុខនិងការពារជាតិប្រទេសអ៊ីរ៉ាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Sputnik ថាទាហានអ៊ីរ៉ាក់ជាង ២០នាក់បានស្លាប់និង ៣០នាក់ទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសមួយដែលធ្វើឡើងដោយយោធាសហរដ្ឋអាមេរិក។ លោក Zamili បន្តថាកងពលតូចទី ៥៥ (នៃកងទ័ពអ៊ីរ៉ាក់) បានរងការវាយប្រហារដោយយន្តហោះសហរដ្ឋអាមេរិក។ ទាហានជាង ២០នាក់ត្រូវស្លាប់និងជាង៣០នាក់ផ្សេងទៀតរងរបួសដែលជាលទ្ធផលនៃការវាយប្រហារនេះ។ ដំបូងសារព័ត៌មាន Sputnik រាយការណ៍ថាមនុស្សជាង៣០នាក់ស្លាប់នៅក្នុងការវាយប្រហារនេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្បែរក្រុង Al-Naimiya ក្នុងខេត្ត Fallujah បន្ទាប់ពីទាហានអ៊ីរ៉ាក់បានរំដោះតំបន់យុទ្ធសាស្រ្តសំខាន់ពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS,ISIS/ISIL) នោះ។ យោងតាមមន្ត្រីរូបនោះដែលបានចុះទៅកាន់ទីតាំងកើតហេតុនិងបាននិយាយទៅកាន់មេបញ្ជាផ្ទាល់នៃកងពលទី ៥៥ ថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងព្រោះចំនួនទាហានអ៊ីរ៉ាក់ភាគច្រើនរងរបួសធ្ងន់ធ្ងរ។ លោកឆ្ងល់ថាសហរដ្ឋអាមេរិកបើកការវាយប្រហារតាមអាកាសដោយមានភាពជាក់លាក់ ១០០%  តើហេតុអ្វីបានជាពួកគេយល់ខុសពីគោលដៅនៃការវាយប្រហារទៅវិញ?។ លោក Zamili បន្តថាវាពិតជាមានគ្រោះថ្នាក់ណាស់ដែលកងកម្លាំងអ៊ីរ៉ាក់ត្រូវបានទទួលរងការវាយប្រហារដោយការវាយប្រហារតាមអាកាសនេះ ហើយប្រទេសនេះនឹងមិនអនុញ្ញាតអោយវាកើតឡើងម្តងទៀតទេ។ សមាជិកសភាបានអំពាវនាវដល់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi ដើម្បីអនុវត្តការស៊ើបអង្កេតជាបន្ទាន់មួយពាក់ពន្ឋ័លើការវាយប្រហារនេះ។ យោងតាមមន្ត្រីប្រទេសអ៊ីរ៉ាក់នឹងត្រូវទៅកាន់តុលាការអំពីឧប្បត្តិហេតុនេះដោយថាឧក្រិដ្ឋកម្មនេះមិនអាចធ្វើរួចដោយគ្មានការដាក់ទោសនោះទេ។

ISIS 19-12-15ISIS 19-12-15_1