ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៥
ក្រុមហ៊ុនអាកាសចរណ៍បានអោយដឹងថាយន្តហោះដឹកអ្នកដំណើរ Air France មួយគ្រឿងត្រូវបង្ខំឱ្យធ្វើការចុះចតជាបន្ទាន់នៅក្នុងប្រទេសកេនយ៉ាបន្ទាប់ពីបានរកឃើញគ្រាប់បែកក្លែងក្លាយនៅក្នុងបង្គន់។ យន្តហោះ Boeing ៧៧៧ ធ្វើដំណើរពី Mauritius ទៅទីក្រុងប៉ារីសបានធ្វើការចុះចតជាបន្ទាន់នៅព្រលានយន្តហោះម៉ុមបាសា (Mombasa) ហើយឧបករណ៍សង្ស័យត្រូវបានយកទៅត្រួតពិនិត្យ។ ក្រោយមកប្រធានក្រុមហ៊ុន Air France លោក Frederic Gagey បាននិយាយថាគ្រាប់បែកក្លែងក្លាយនេះធ្វើឡើងពីប្រអប់កាតុងក្រដាសនិងនាឡិកាកំណត់ពេលវេលាមួយ។ លោកនិយាយថាវាជាទង្វើឈ្លានពានមួយ។ យន្តហោះដែលដឹកអ្នកដំណើរចំនួន ៤៥៩នាក់និងយានិក ១៤នាក់បានចាកចេញពី Mauritius នៅម៉ោង ០១:០០ GMT និងហោះហើរទៅកាន់ព្រលានយន្តហោះ Charles de Gaulle ក្នុងទីក្រុងប៉ារីស។ អ្នកដំណើរជាច្រើននៅលើយន្តហោះត្រូវបានប៉ូលីសកេនយ៉ាសាកសួរបន្ទាប់មានហេតុការណ៍កើតឡើង។ លោក Gagey បានប្រាប់សន្និសីទកាសែតមួយថាក្រុមហ៊ុនអាកាសចរណ៍នឹងបើកការស៊ើបអង្កេតរកជនដែលទទួលខុសត្រូវក្នុងការធ្វើរឿងនេះ។ លោកបដិសេធថាមិនមានបញ្ហាទាក់ទងទៅនឹងការត្រួតពិនិត្យសន្តិសុខនៅក្នុង Mauritius នោះទេ ដោយនិយាយថាឧបករណ៍នេះមិនមានផ្ទុកនូវគ្រឿងផ្ទុះដូច្នេះវាមិនត្រូវបានគេត្រួតពិនិត្ររកឃើញនោះទេ។