ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥
យ៉ាងហោចណាស់ជនស៊ីវិល ២០០នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីក្នុងប្រទេសស៊ីរី។ ការវាយប្រហារជាង ២៥ដងរបស់រុស្ស៊ីមកលើតំបន់ចំនួន៥ក្នុងប្រទេសស៊ីរីចន្លោះពីថ្ងៃទី ៣០ ខែកញ្ញារហូតដល់ថ្ងៃទី ២៩ ខែវិច្ឆិកា។ ក្រុងម៉ូស្គូបានបដិសេធម្តងហើយម្តងទៀតទាក់ទងនឹងការស្លាប់របស់ជនស៊ីវិលទាំងនេះដោយរៀបរាប់ថាការអះអាងនេះជាផ្នែកមួយនៃព័ត៌មានសង្គ្រាមតែប៉ុណ្ណោះ។ ប្រទេសរុស្ស៊ីចាប់ផ្តើមការវាយប្រហារតាមអាកាសគោលដៅសំខាន់លើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) និងក្រុមឧទ្ទាមដទៃទៀតចាប់តាំងពីថ្ងៃទី ៣០ ខែកញ្ញាមកម្លេះ ដោយនិយាយថាខ្លួនធ្វើតាមសំណើរបស់លោកប្រធានាធិបតីប្រទេសស៊ីរី Bashar al-Assad។ ទីក្រុងម៉ូស្គូក៏ត្រូវបានចោទប្រកាន់ពីបទទម្លាក់គ្រាប់បែកមកលើក្រុមឧទ្ទាមប្រឆាំងនឹងលោក អាសាដ ប៉ុន្តែករណីនេះមានការគាំទ្រដោយលោកខាងលិច។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ជនស៊ីវិល ៤៩នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារគ្រាប់មីស៊ីលចំនួន ៣គ្រាប់មកលើទីផ្សារសាធារណៈមួយនៅ Ariha ខេត្ត Idlib។