៧មករាស្ថិតក្នុងការចងចាំនៃរបបវាលពិឃាតដែលយុវជនជំនាន់ក្រោយគួរស្វែងយល់​និងចងចាំ

0

គិតមកដល់ថ្ងៃ ៧មករា ឆ្នាំ២០១៦នេះ មានរយៈពេល ៣៧ឆ្នាំហើយដែលរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) បានដួលរលំ។ ៧មករា ឆ្នាំ១៩៧៩ បានសង្គ្រោះមាតុភូមិកម្ពុជាដ៏កំសត់ឡើងវិញ អ្វីៗគ្រប់យ៉ាងបានចាប់ផ្តើមពីបាតដៃទទេស្អាត ក្រោយពីរបបខ្មែរក្រហមបានកំទេចគ្មានសល់នូវអ្វីដែលជាសមិទ្ធិផលពីសង្គមចាស់។ ការស្តារនិងកសាងប្រទេសត្រូវបានចាប់ផ្តើមចេញពីចំនុចក្រោមសូន្យ។

៧មករា មកដល់បច្ចុប្បន្នហាក់បានឃ្លាតឆ្ងាយពីយុវជន និងក្មេងៗជំនាន់ក្រោយ​ដោយសារតែកត្តាសំភារៈនិយម ខណៈវិស័យបច្ចេកវិទ្យាកាន់តែទំនើប ខុសពីមនុស្សចាស់​ដែលធ្លាប់រត់លូនក្រាបឆ្លងកាត់សម័យវាលពិឃាត សម័យសង្គ្រាម សម័យជម្លៀសទាំងគ្រួសារ ចោលទ្រព្យរបស់នោះទេ។ បន្ថែមលើសពីនេះ ៧មករា ត្រូវបានអ្នកនយោបាយលាបពណ៌ពីសទៅខ្មៅ ព្រោះតែដើម្បីផលប្រយោជន៍នយោបាយបក្សពួកខ្លួន និងចង់លុបបំបាត់អំពើយង់ឃ្នងរបស់ពួកខ្មែរក្រហម ដែលបានប្រព្រឹត្តិមកលើប្រជាជនកម្ពុជា ជាច្រើនលាននាក់។ ប៉ុន្តែបើយើងត្រលប់ទៅសួរអតីតកងទ័ព ឬចាស់ទុំដែលធ្លាប់ចាកចោលភ្នំពេញទៅស្រែសមូហភាព នោះទឹកភ្នែកអាចនិងច្រាលចេញមកក្រៅដោយមិនដឹងខ្លួន។ ទោះបីជា ៧មករា ត្រូវបានលាបពណ៌យ៉ាងណាក៏ដោយចុះ ប៉ុន្តែការពិតនៅតែជាការពិត។ការពិតគឺថា មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗគ្រប់យ៉ាងសម្រាប់ជនជាតិខ្មែរ​សម្រាប់មាតុភូមិកម្ពុជាដ៏កំសត់មួយនេះ។

មកដល់ថ្ងៃនេះ កម្ពុជាមានអគារខ្ពស់ទំនើបៗ មានហេដ្ឋារចនាសម័្ពន្ធស្ពាន ផ្លូវថ្នល់ថ្មីៗជាច្រើន មានធនធានមនុស្សគ្រប់វិស័យ ប្រជាជនមានសិទ្ធិសេរីភាព មានកម្មសិទ្ធ ​ដែលទទួលបានផលពីផ្នែកនានានៃសង្គម និងគ្រប់វិស័យទាំងអស់។ តទៅថ្ងៃអនាគត កម្ពុជានិងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ដូចបណ្តាប្រទេសអភិវឌ្ឍនៅក្នុងពិភពលោក។

វិស័យទេសចរណ៍ក្រោមឈ្មោះថា កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ បានល្បីរន្ទឺទូទាំងពិភពលោក ហើយព្រះរាជាណាចក្រអច្ឆរិយៈមួយនេះ ក៏កើតចេញដោយសារតែថ្ងៃ ៧មករាដែរ។ ជាងនេះទៀត លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក៏បានកើតចេញដោយសារតែថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ព្រោះ ៧មករានេះហើយ ដែលយុវជនសម័យរណសិរ្សនាំគ្នាវ៉ៃខ្មែរក្រហម សង្គ្រោះមាតុភូមិកម្ពុជា ចេញពីរបបផ្តាច់ការអង្គការចាត់តាំង ប៉ុល ពត។ កម្ពុជា មានស្ថេរភាព​​មានទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសនានាឡើងវិញ ក៏ដោយសារតែមានថ្ងៃរំដោះ ​៧មករា នេះដែរ ៕

7 January7 January_1