យ៉ាងហោចណាស់មនុស្ស ៦៥នាក់ស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកមកលើមជ្ឈមណ្ឌលបណ្តុះបណ្តាក្រុមប៉ូលីសលីប៊ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៧ ខែ​ មករា ឆ្នាំ ២០១៦

រថយន្តដឹកទំនិញមួយគ្រឿងដែលផ្ទុកគ្រឿងផ្ទុះបានបើកបុកទៅក្នុងជំរំហ្វឹកហាត់ប៉ូលីសមួយកន្លែងនៅ Zliten ប្រទេសលីប៊ីកាលពីថ្ងៃព្រហស្បតិ៍ដែលធ្វើអោយមានមនុស្សស្លាប់រាប់សិបនាក់និងរងរបួសរហូតដល់ទៅជាង ២០០នាក់។ យោងតាមរបាយការណ៍ពីសារព័ត៌មាន Reuters ដោយដកស្រង់ប្រភពពីមន្ទីរពេទ្យបានអោយដឹងថាយ៉ាងហោចណាស់មានមនុស្ស ៦៥នាក់បានស្លាប់។ សាក្សីបានប្រាប់សារព័ត៌មាន Reuters ថាមានជនស៊ីវិលជាច្រើនស្ថិតក្នុងចំណោមជនរងគ្រោះទាំងអស់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅជិត Misrata នេះ។ របាយការណ៍ពី AP ដែលដកស្រង់ពីមន្រ្តីប៉ូលីសអោយដឹងថាមានប៉ូលីសយ៉ាងហោចណាស់ ៦០នាក់បានស្លាប់និង ២០០នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារបំផ្ទុះដ៏ធំមួយនេះ។ អ្នកនាំពាក្យមន្ទីរពេទ្យម្នាក់លោក Muammar Gaddafi និយាយថាបុគ្គលិកសង្គ្រោះនៅកន្លែងកើតហេតុបានព្យាយាមទាញយកសាកសព ៦០នាក់ចេញពីគំនរបាក់បែក។ ក្រុមមន្រ្តីលីប៊ីនិយាយថាពួកគេជឿថាវាអាចនឹងមានមនុស្សរាប់សិបនាក់ទៀតស្លាប់។ លោក Kaddi ប្រាប់ AFP ថាអ្នករងរបួសប្រហែលជា ៧០ នាក់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ Zliten។ លោកបន្ថែមថា៖ យើងមិនទាន់មានចំនួនច្បាស់លាស់នៃអ្នកស្លាប់និងរងរបួសនោះទេតែជនរងគ្រោះទាំងនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ Misrata និង Tripoli។ គួរបញ្ជាក់ផងដែរថារហូតមកដល់ពេលនេះមិនទាន់មានក្រុមភេរវកម្មណាមួយចេញមុខមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។

Libee 08-01-16