ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨
វត្តមាននាវាពិឃាតអាមេរិកប្រើមីស៊ីលក្នុងមហាសមុទ្រមេឌីទែរ៉ាណេអាចមានអាវុធចំនួន ២០០ គ្រឿង និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយប្រហារលើ ប្រទេសស៊ីរីនៅពេលដែលប្រទេសរុស្ស៊ីព្រមានថា ក្រុមជីហាដមានវត្តមានក្នុងខេត្តអ៊ីដលីប ហើយពួកគេគ្រោងនឹងធ្វើការវាយប្រហារដោយប្រើសារធាតុគីមី។
ភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax រាយការណ៍ដោយដកស្រង់ទិន្នន័យត្រួតពិនិត្យដែនសមុទ្រអន្តរជាតិថា នាវា USS Bulkeley (DDG-84) ដែលជានាវាពិឃាតប្រភេទ Arleigh Burke ធ្វើដំណើរដល់ក្នុងសមុទ្រមេឌីទែរ៉ាណេតាមរយៈច្រកសមុទ្រនៅ Gibraltar នៅថ្ងៃពុធ។ អ្នកឃ្លាំមើល Gibraltar-watcher បញ្ជាក់ថា នាវាពិឃាដចេញដំណើរទៅនៅថ្ងៃទី១២ ខែកញ្ញា។
ជាមួយនឹងការទៅដល់របស់ក្រុម Bulkeley កងកម្លាំងអាមេរិកក្នុងតំបន់មានកាំជ្រួចមីស៊ីលធុន Tomahawk ចំនួន ២០០ គ្រាប់ ដែលប្រើដើម្បីវាយប្រហារលើគោលដៅក្នុងប្រទេសស៊ីរី បើសិនជាមានបញ្ជាឱ្យវាយប្រហារ។ នៅសបា្ដហ៍មុន នាវាមុជទឹក USS Newport News (SSN-750) ក៏បានទៅដល់សមុទ្រមេឌីទែរ៉ាណេផងដែរ។
នៅសបា្ដហ៍មុន ប្រទេសរុស្ស៊ីធ្វើសមយុទ្ធកងនាវាចម្បាំងដ៏ធំនៅឯនាយឆ្នេរសមុទ្រស៊ីរី។ គេមើលឃើញវត្តមាននាវារុស្ស៊ីក្នុងតំបន់នេះថាជាការរារាំងដើម្បីបន្ថែមសកម្មភាពឱ្យយោធារបស់សហរដ្ឋអាមេរិកក្នុងប្រឆាំងនឹងប្រទេសស៊ីរី។ ក្រុងវ៉ាស៊ីនតោនអះអាងម្តងហើយម្តង ទៀតថា រដ្ឋាភិបាលនៅទីក្រុងដាម៉ាសកំពុងរៀបចំការវាយប្រហារប្រើសារធាតុគីមីប្រឆាំង នឹងជនស៊ីវិលក្នុងខេត្តអ៊ីដលីប ដែលជាមូលដ្ឋានចុងក្រោយរបស់ក្រុមឧទ្ទាមជីហាដ។