EventBot មេរោគ Mobile Banking ឯកទេសលួចព័ត៌មាន និង​ទិន្នន័យ​​អ្នកប្រើប្រាស់

0

ក្រុម​សុវត្ថិភាព​លើ​អ៊ីនធឺណិត Cybereason Noctornus កំពុងធ្វើការ​ស៊ើបអង្កេត​លើ EventBot ដែលជា​មេរោគ​ប្រភេទ​ថ្មី​មួយ​លើ​ស្មា​ត​ហ្វូ​ន Android បាន​លេចមុខ​អំឡុង​ខែមីនា​ឆ្នាំ ២០២០ ។

EventBot គឺជា​មេរោគ Mobile Banking (ធនាគារ​លើ​ទូរ​សព្ទ​ដៃ) និង​ជា​អ្នកលួចយក​ព័ត៌មាន ដែល​អាច​លួច​យក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ពី​កម្មវិធី​ហិរញ្ញវត្ថុ អាច​ចូល​អាន​សារ SMS របស់​អ្នកប្រើប្រាស់ និង​លួច​យកសារ SMS ដែល​អាច​ឲ្យ​វា​ទម្លុះ​ប្រព័ន្ធ​សុវត្ថិភាព Two-Factor Authentication បាន។

EventBot នេះ​ដាក់​គោលដៅ​វាយប្រហារ​កម្មវិធី​ហិរញ្ញវត្ថុ​ជាង ២០០ប្រភេទខុសៗគ្នា រួមមាន​កម្មវិធី​ធនាគារ, កម្មវិធី​ផ្ទេរប្រាក់ និង​កម្មវិធី​រូបិយប័ណ្ណ​អេឡិចត្រូនិក (Crypto-Currency) ជាដើម។ កម្មវិធី​ដែលជា​មុខសញ្ញា​មានដូចជា PayPal Business, Revolut, Barclays, UniCredit, CapitalOne UK, HSBC UK, Santander UK, TransferWise, Coinbase និង paysafecard ជាដើម។

EventBot នេះ​គួរ​ឲ្យ​ចាប់អារម្មណ៍​ដោយសារ​វា​ទើប​តែមាន​ថ្មីថ្មោង។ មេរោគ​ថ្មី​នេះដែរ​គឺមាន​សក្ដានុពល​អាច​ក្លាយជា​មេរោគ​ទូរ​សព្ទ​ដ៏​ធំ​មួយ ដោយសារតែ​វា​មានការ​អភិវឌ្ឍ​ឲ្យ​ល្អប្រសើរ​ជា​ទៀងទាត់។

Cybereason Noctornus បានធ្វើ​ការណែនាំ ៦ ចំណុច​ដើម្បី​អាច​ជៀស​ផុតពី​មេរោគ​ថ្មី​នេះ​បាន ៖

  • ត្រូវ​អាប់​ដេ​ត​ទូរ​សព្ទ​ទៅកាន់​ជំនាន់​ចុងក្រោយ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ។
  • ត្រូវ​ដំណើរការ​មុខងារ Google Play Protect ជាប់។
  • មិនត្រូវ​ទាញយក​កម្មវិធី​ពី​ប្រភព​ដែល​មិន​ច្បាស់លាស់ មិនមាន​ការទទួលស្គាល់​ផ្លូវការ។ កម្មវិធី Android ដែល​ត្រឹមត្រូវ​តាមច្បាប់​ភាគច្រើន​គឺ​មានតែ​នៅលើ Google Play Store ប៉ុណ្ណោះ។
  • ត្រូវធ្វើ​ការគិតគូរ​ឲ្យ​ច្បាស់លាស់ នៅពេល​ផ្ដល់​សិទ្ធ​ដល់​កម្មវិធី​ណាមួយ។
  • នៅពេល​កើតមាន​ការសង្ស័យ អ្នក​អាច​ឆែក​មើល​មេរោគ​នៃ File APK តាមរយៈ​វិ​ប​សាយ​ដូចជា VirusTotal  មុន​ការដំឡើង​វា​លើ​ទូរ​សព្ទ។
  • ប្រើប្រាស់​កម្មវិធី​ការពារ​ការវាយប្រហារ​លើ​ទូរ​សព្ទ ដើម្បី​ពង្រឹង​សុវត្ថិភាព​ឲ្យ​កាន់តែ​ខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here