រុស្ស៊ីអនុញ្ញាត​ឱ្យប្រើ Telegram វិញ បន្ទាប់ពី​ហាមឃាត់​អស់​រយៈពេល ២ឆ្នាំ

0

កាលពី​ពីរ​ឆ្នាំមុន រុស្ស៊ី​បានចេញ​បំរាម​ហាមឃាត់​លើ​កម្មវិធី​ផ្ញើ​សារ Telegram ដែល​រឹតត្បិត​ការប្រើប្រាស់​កម្មវិធី​នេះ​នៅ​រុស្ស៊ី។ ពេលនេះ​ការហាមឃាត់​ត្រូវបាន​បញ្ចប់ ដែល​មានន័យថា​អ្នករស់នៅ​ក្នុងប្រទេស​រុស្ស៊ី អាច​ប្រើប្រាស់​កម្មវិធី​នេះ​បាន​ដោយ​សេរី។

រយៈពេល ២ឆ្នាំ​កន្លងមកនេះ ការដាក់​បំរាម​លើ​កម្មវិធី Telegram មិនសូវ​ទទួលបាន​ប្រសិទ្ធភាព​ប៉ុន្មាន​ឡើយ ដោយសារ​អង្គភាព​រុស្ស៊ី និង​ជនជាតិ​រុស្ស៊ី​ភាគច្រើន​តែងតែ​រិះរក​វិធី​ដើម្បី​អាច​ប្រើប្រាស់​កម្មវិធី Telegram បាន ដូចជា​តាមរយៈ​ការប្រើ VPN ឬ​សេវាកម្ម​ដែល​លាក់បាំង​អត្តសញ្ញាណ​អ្នកប្រើប្រាស់ផ្សេង។

កាលពីដើម​ខែមិថុនា​ក​ន្ល​ង​ទៅ លោក Pavel Durov ជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ Telegram បាន​និយាយថា​រុស្ស៊ី​គួរតែ​ដកចេញ​បំរាម​លើ Telegram ដើម្បី​អាច​ឲ្យ​អ្នកប្រើប្រាស់​នៅ​រុស្ស៊ី ប្រើប្រាស់​សេវាកម្ម​របស់ខ្លួន​បាន​ដោយ​ងាយស្រួល។

គួរ​ដឹងថា​តុលាការ​រុស្ស៊ី​បានដាក់​បំរាម​ហាមឃាត់​លើ Telegram កាលពី​ខែមេសា ឆ្នាំ ២០១៨ ព្រោះតែ Telegram មិន​ព្រម​ចែករំលែក​កូនសោ​សម្រាប់​ដោះ Encryption របស់ខ្លួន ទៅ​ឲ្យ​ស្ថាប័ន Roskomnadzor ដែលជា​អ្នកត្រួតពិនិត្យ​លើ​ក្រុមហ៊ុន​ទូរគមនាគមន៍​នៅ​រុស្ស៊ី។

ការ​ប្រកែក​មិន​ព្រម​ផ្ដល់​ឲ្យ​នេះ គឺ​បាន​ល្មើស​នឹង​ច្បាប់​ប្រឆាំងនឹង​ភេរវកម្ម​របស់​រុស្ស៊ី ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ផ្ញើ​សារ​ផ្ដល់​សិទ្ធ​ដល់​អាជ្ញាធរ​ក្នុងការ Decrypt សារ។ ពេលនោះ លោក Pavel និយាយថា​ភាពជា​ឯកជន​មិនមែន​សម្រាប់​ដាក់លក់​នោះទេ។

សម្រាប់​ការដកចេញ​បំរាម​លើ Telegram ខាង​ស្ថាប័ន Roskomnadzor បាន​និយាយថា​ព្រោះតែ Telegram បានបង្ហាញ​ឆន្ទៈ​ខ្ពស់​ដើម្បី​ជួយ​ដល់​កិច្ចប្រឹងប្រែង​ប្រឆាំង​ភេរវកម្ម​នាពេល​កន្លងមក។

គួរបញ្ជាក់​ផងដែរ​ថា Telegram ត្រូវបាន​បង្កើតឡើង​ដោយ​បងប្អូន​ជនជាតិ​រុស្ស៊ី​ពីរ​នាក់ គឺ​លោក Nikolai និង Pavel Durov កាលពី​ឆ្នាំ ២០១៣៕

ដកស្រង់​ចេញពី The Verge ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here