ប្រទេសអ៊ុយក្រែន និងសហរដ្ឋអាមេរិករងការកំណត់គោលដៅពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិត

0

របាយការណ៍ថ្មីបានបង្ហាញពីយុទ្ធនាការនៃការហេគលួចចូលដោយផ្ទាល់ និងដោយប្រយោលតាមរយៈសង្គ្រាមរបស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ដោយគេបានហៅសង្គ្រាមមួយនោះថាជា “សង្គ្រាមតាមប្រព័ន្ធអ៊ីនធឺរណិត”។ អ្នកជំនាញជាច្រើនបានធ្វើការទស្សន៍ទាយថា ប្រទេសរុស្ស៊ីនឹងបើកការវាយប្រហារសំខាន់ៗជាច្រើនទៀតទៅលើប្រទេសអ៊ុយក្រែនតាមរយៈប្រព័ន្ធអ៊ីនធឺរណិត ដោយអាចនឹងធ្វើការហេគបិទបណ្តាញអគ្គិសនីនៅទូទាំងប្រទេសអ៊ុយក្រែនជាដើម។

នៅថ្ងៃចន្ទ ក្រុមហ៊ុន Google បានអះអាងថា ក្រុមហ៊ុនបានឃើញការវាយប្រហារក្លែងបន្លំមួយ ដែលផ្តោតទៅលើមន្ត្រីអ៊ុយក្រែន និងកងយោធានៃប្រទេសប៉ូឡូញ។ ក្រុមសន្តិសុខ Resecurity Inc ក៏បានធ្វើការចែករំលែកភស្តុតាងនៃយុទ្ធនាការហេគដែលបានកំណត់ គោលដៅលើក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់សហរដ្ឋអាមេរិក ដោយនៅក្នុងករណីនេះ វាអាចមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតដែលមានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី ឬជាសម្ព័ន្ធមិត្តរបស់ប្រទេសរុស្ស៊ី។

ក្រុមវិភាគលើការគំរាមកំហែងរបស់ក្រុមហ៊ុន Google (TAG) បាននិយាយថា យុទ្ធនាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតនេះ បានកំណត់គោលដៅទៅលើអ្នកប្រើប្រាស់ UkrNet ដែលមានដូចជា ក្រុមហ៊ុនដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ុយក្រែន រដ្ឋាភិបាលរបស់ប្រទេសអ៊ុយក្រែន និងប្រទេសប៉ូឡូញ និងអង្គភាពយោធាជាដើម។ ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយក្រុមអនាមិកជាច្រើនដែលមានដូចជាក្រុម Ghostwriter របស់ប្រទេសបេឡារុស្ស និងក្រុមហេគកំពូល Fancy Bear របស់ប្រទេសរុស្ស៊ីដែលជាក្រុមហេគនៅពីក្រោយការវាយប្រហារ និងលួចចូលមើលអ៊ីម៉េលនៅឆ្នាំ២០១៦។

បើយោងតាមការបញ្ជាក់បន្ថែមលោក Shane Huntley ដែលជាតំណាងរបស់ក្រុមហ៊ុន Google បានឱ្យដឹងថា នៅក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយមកនេះ ក្រុម TAG បានប្រទះឃើញក្រុមអ្នកវាយប្រហារជាច្រើនដែលពួកគេបានសម្គាល់ និងបានធ្វើការតាមដានលើក្រុមហេគឃ័រទាំងនោះជាប្រចាំ ដោយអាចកំណត់បានថាជាក្រុមហេគឃ័រ FancyBear និងក្រុមហេគឃ័រ Ghostwriter។ លោក Shane Huntley បានបន្ថែមឲ្យដឹងទៀតថា ក្រុមការងាររបស់លោកកំពុងតែព្យាយាមចែករំលែកនូវព័ត៌មានទាំងអស់នេះ ដើម្បីជួយបង្កើនការយល់ដឹងដល់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺរណិតឱ្យធ្វើការបង្កើនការប្រុងប្រយ័ត្នបន្ថែម។

យុទ្ធនាការនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតនេះ បានផ្តោតគោលដៅចម្បងទៅលើក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់សហរដ្ឋអាមេរិក ដោយពួកគេបានធ្វើការវាយប្រហារបានដោយជោគជ័យទៅលើកំព្យូទ័រប្រមាណជាច្រើនជាង ១០០ គ្រឿងដែលជាកំព្យូទ័ររបស់បុគ្គលិកកំពុងបម្រើការងារ និងជាកម្មសិទ្ធិរបស់អតីតបុគ្គលិក។ ដូចទៅនឹងព័ត៌មានដែលបានរាយការណ៍ដោយគេហទំព័រ Bloomberg News ប្រតិបត្តិការវាយប្រហារមួយនេះ ពុំទាន់បានរកឃើញអ្នកដែលនៅពីក្រោយរឿងមួយនេះនៅឡើយនោះទេ ប៉ុន្តែបើយោងតាមប្រភពអ្នកជំនាញសុវត្ថិភាពរបស់ក្រុមហ៊ុន Resecurity បានបញ្ជាក់ឲ្យដឹងថា ការវាយប្រហារមួយនេះ ទំនងគឺជាការវាយប្រហារដំបូង និងតូចមួយសិនប៉ុណ្ណោះ ដោយគោលដៅពិតប្រាកដរបស់ជនអនាមិកទាំងអស់នោះ គឺកំណត់គោលដៅទៅលើការវាយប្រហារខ្នាតធំ ឬវាយប្រហារទៅលើម៉ាស៊ីនមេធំ។

នាយកប្រតិបត្តិផ្នែកសន្តិសុខរបស់ក្រុមហ៊ុន Resecurity លោក Gene Yoo បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន Bloomberg ថា ក្រុមហេគឃ័រទាំងអស់នោះត្រូវបានគាំទ្រដោយរដ្ឋមួយ ប៉ុន្តែគេមិនទាន់អាចកំណត់មុខសញ្ញាច្បាស់លាស់ណាមួយបាននៅឡើយនោះទេ។ ប៉ុន្តែបើយោងតាមការកំណត់សម្គាល់របស់អ្នកសារព័ត៌មាន Bloomberg បានឱ្យដឹងថាក្រុមហេគឃ័រមួយក្នុងចំណោមហេគឃ័រទាំងអស់ទំនងជាមានជាប់ពាក់ព័ន្ធជាមួយក្រុមហេគ Fancy Bear៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភព÷The Verge

LEAVE A REPLY

Please enter your comment!
Please enter your name here