ប្រទេសអ៊ីរ៉ាក់៖ ប្រភពសន្តិសុខបាននិយាយកាលពីថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ថា អាជ្ញាធរអ៊ីរ៉ាក់បានព្យួរកទណ្ឌិត ១១នាក់ ដែលជាប់ចោទថាជាសមាជិករបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)។
មន្ត្រីពន្ធនាគារម្នាក់សុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មានថា ទណ្ឌិតទាំង ១១នាក់ ត្រូវបានព្យូរកកាលពីថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ នៅពន្ធនាគារ ណាសៀរីយ៉ាហ សេនត្រល ក្នុងទីក្រុងណាសៀរីយ៉ា ដែលមានចម្ងាយប្រមាណជា ៣៥០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។
ប្រភពបន្ថែមថា មនុស្សមួយក្រុមមកពីក្រសួងយុត្តិធម៌បានត្រួតពិនិត្យការកាត់ទោសប្រហារជីវិតនោះ បន្ទាប់ពីបញ្ចប់នីតិវិធីច្បាប់ទាំងអស់ រួមទាំងការផ្តល់សច្ចាប័នពីប្រធានាធិបតីអ៊ីរ៉ាក់។
បន្ទាប់ពីកងកម្លាំងអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ក្នុងឆ្នាំ២០១៧ សមាជិករបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់រយនាក់ត្រូវបានសម្លាប់ ឬចាប់ខ្លួន ខណៈដែលសមាជិកផ្សេងទៀតបន្តលាក់ខ្លួនក្នុងប្រទេសអ៊ីរ៉ាក់ ឬបរទេស។
គួរំលឹកផងដែរថាទោសប្រហារជីវិតនៅអ៊ីរ៉ាក់ត្រូវបានផ្អាកកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែត្រូវបានអនុវត្តឡើងវិញនៅខែសីហា ឆ្នាំ២០២៤៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤