HackerOne គឺជាវេទិកា (Platform) ផ្តល់សេវាកម្មទៅលើដំណោះស្រាយកំហុសសុវត្ថិភាពដ៏ពេញនិយមបំផុតមួយសម្រាប់អ្នកស្រាវជ្រាវសុវត្ថិភាព និងក្រុមហ៊ុនជាច្រើន។ កាលពីពេលថ្មីៗនេះ កំហុសជាច្រើនត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន HackerOne ដែលបានរារាំងមិនឲ្យមានការកំណត់ខុសមួយចំនួន (misconfigurations) ។
ម្សិលមិញនេះ ក្រុមហ៊ុន Kaspersky បានប្រកាសនៅលើបណ្តាញសង្គមធ្វីតធ័ររបស់ខ្លួនថា វេទិកាផ្តល់សេវាកម្មទៅលើដំណោះស្រាយកំហុសសុវត្ថិភាពរបស់ក្រុមហ៊ុន HackerOne បានលុបចោលនូវកម្មវិធីផ្ដល់ប្រាក់រង្វាន់សម្រាប់ការរកឃើញចន្លោះប្រហោង (bug bounty) របស់ក្រុមហ៊ុន Kaspersky ចេញពីវេទិការបស់ HackerOne។
ក្រុមហ៊ុន Kaspersky លើកជាសំណួរមួយចំនួនអំពីកម្មវិធីផ្ដល់ប្រាក់រង្វាន់ដែលមានដូចជា៖
⦁ តើនឹងមានរឿងអ្វីកើតឡើងចំពោះចំណុចងាយរងគ្រោះទាំងអស់ដែលត្រូវបានរាយ ការណ៍រួច?
⦁ តើបច្ចុប្បន្ននេះ អ្នកណាមានព័ត៌មានទាំងនេះ?
⦁ តើធ្លាប់មានការពិភាក្សាអ្វីខ្លះ ចំពោះអ្នកស្រាវជ្រាវដែលបានចូលរួម?
⦁ តើនឹងមានរឿងអ្វីកើតឡើងជាមួយនឹងប្រាក់ដែលបានបង់រួចជាមួយក្រុមហ៊ុន HackerOne?
⦁ ហេតុអ្វីបានជាក្រុមហ៊ុនបរាជ័យនៅក្នុងការផ្តល់នូវគោលការណ៍ និងជំហ៊ានបន្ទាប់របស់ក្រុមហ៊ុនទៅកាន់ដៃគូទាំងអស់ និងសហគមន៍សន្តិសុខឲ្យបានកាន់តែទូលំទូលាយជាមួយនឹងពេលវេលាជាក់លាក់ណាមួយនៅក្នុងការដោះស្រាយបញ្ហាទាំងឡាយ ដែលកំពុងតែកើតមាន?
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន HackerOne មានចម្លើយចំពោះសំណួរដែលត្រូវបានគេចោទសួរជាញឹកញាប់អំពីការផ្អាកដំណើរការដែលមានខ្លឹមសារថា៖“យើងនឹងបន្តធ្វើការជាមួយ ក្រុមហ៊ុនមួយចំនួនលើករណីដាក់ទណ្ឌកម្ម។ មុននឹងទៅដល់ដំណាក់កាលនោះ យើងបានផ្អាកកម្មវិធីជា ច្រើនរបស់អតិថិជនទាំងឡាយណា ដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ប្រទេសបេឡារុស និងតំបន់ដែលត្រូវបានដាក់ទណ្ឌកម្មមួយចំនួននៅក្នុងប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន HackerOne មិនបានបិទដំណើរការទទួលភាពងាយរងគ្រោះណាមួយដែលបានដាក់ស្នើមកនោះទេ មុនពេលផ្អាកដំណើរការផ្តល់សេវាកម្ម”។
ចម្លើយបែបនេះ ត្រូវបានក្រុមហ៊ុន Kaspersky និយាយថា ជាចម្លើយដែលមិនស្រមស្រប និងមិនអាចទទួលយកបាន។ លើសពីនេះ ក្រុមហ៊ុន Kaspersky នៅតែបន្តជំរុញដល់អ្នកស្រាវជ្រាវសុវត្ថិភាពឲ្យបន្តធ្វើការរាយការណ៍អំពីចំណុចងាយរងគ្រោះនៅលើផេច និងផ្ញើម៉េលទៅក្រុមការងារ HackerOne ដដែល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២