ក្រុមចែកចាយមេរោគ Vice Society Ransomware ទើបតែទម្លាយនូវទិន្នន័យ និងឯកសារជាច្រើនដែលលួចបានចេញពីសាលារៀន Los Angeles Unified School District នៅក្នុងការវាយប្រហារសាយប័រមួយកាលពីដើមខែនេះ។ លោក Alberto M. Carvalho អគ្គនាយករបស់សាលារៀនLAUSD បញ្ជាក់អំពីទិន្នន័យដែលលួចបាននៅក្នុងសេចក្តីប្រកាសមួយជាមួយនឹងការបង្ហោះនៅលើ Twitter ។
លោក Carvalho បង្ហោះថា “ថ្មីៗនេះ ទិន្នន័យនេះត្រូវទម្លាយដោយស្ថាប័នឧក្រិដ្ឋកម្មមួយ។ នៅក្នុងការសហការជាមួយនឹងអ្នកអនុវត្តច្បាប់នោះ អ្នកជំនាញរបស់យើងកំពុងតែធ្វើការវិភាគទៅលើទិន្នន័យដែលបែកធ្លាយនេះផងដែរ។” ទិន្នន័យនេះចេញពីប្រព័ន្ធសាលារៀនដែលមានគោលដៅក្នុងការទាមទារប្រាក់លោះពីសាលារៀននេះពាក់ព័ន្ធទៅនឹងទិន្នន័យការសិក្សារបស់សិស្ស និងការសិក្សាអប់រំ។
នៅថ្ងៃនេះ ក្រុមហេគឃ័រ Vice Society ដែលនៅពីក្រោយការវាយប្រហារទៅលើប្រព័ន្ធសាលារៀនេះធ្វើការអាប់ដេតជាមួយនឹងទិន្នន័យដែលពួកគេលួចបានចេញពីសាលារៀន Los Angeles Unified School District ជាមួយនឹង link មួយ។ ទិន្នន័យនៃការវាយប្រហារនេះគឺមានចំនួន 500GB ៕