មេរោគ “GoldDigger” ងាកទៅលួចទិន្នន័យ Facial Recognition និងគណនីធនាគាររបស់អ្នកប្រើ iOS

0

ក្រុមហ៊ុន Apple តែងធ្វើបច្ចុប្បន្នភាពប្រព័ន្ធដំណើរការរបស់ខ្លួនជាមួយនឹង Patches សុវត្ថិភាព ដែលជាទូទៅ ត្រូវបានកេងចំណេញដោយហេគឃ័រតាមវិធីសាស្រ្តផ្សេងៗ។ នៅពេលនេះដែរ ក្រុមហ៊ុនសន្តិសុខសាយប័រ Group-IB បានរាយការណ៍ថា មានមេរោគថ្មី “GoldDigger” កំពុងតែមានបំណងលួចគណនីធនាគាររបស់អ្នកប្រើប្រាស់ iOS។

មេរោគ GoldDigger អាចលួចទិន្នន័យសម្ងាត់ពីអ្នកប្រើ iOS យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Group-IB (តាមរយៈ Tom’s Guide) បានឱ្យដឹងថា មេរោគ GoldDigger ត្រូវបានបង្កើតឡើងសម្រាប់ប្រព័ន្ធ Android ប៉ុន្តែឥឡូវនេះបានពង្រីកទៅដល់អ្នកប្រើ iPhone និង iPad ថែមទៀត។ ក្រុមហ៊ុនបានថ្លែងថា នេះជាមេរោគដំបូងដែលត្រូវបានបង្កើតឡើងសម្រាប់ iOS និងអាចមានគ្រោះថ្នាក់ ខណៈពេលដែលវាប្រមូលយកទិន្នន័យសម្គាល់មុខ (Facial Recognition Data) ឯកសារអត្តសញ្ញាណបណ្ណ (ID Documents) និងសារ SMS។ ជាមួយទិន្នន័យទាំងនេះ ហេគឃ័រអាចប្រើ AI-Based Tools ដើម្បីបង្កើតការក្លែងបន្លំ (Deepfakes) និងដំណើរការគណនីធនាគាររបស់ជនរងគ្រោះបាន។ ទម្រាំតែជនរងគ្រោះដឹងពីការវាយប្រហារនោះ វាប្រហែលជាយឺតពេលទៅហើយ។

ដំបូង មេរោគ Trojan ត្រូវបានចែកចាយតាមរយៈ Apple’s TestFlight ដែលអនុញ្ញាតឱ្យអ្នកអភិវឌ្ឍ (Developers) បញ្ចេញ Beta Versions របស់កម្មវិធីរបស់ពួកគេដោយមិនឆ្លងកាត់ដំណើរការ App Store’s Review។ ទោះបីជាក្រុមហ៊ុន Apple បានលុបវាចេញពី TestFlight ក៏ប៉ុន្តែហេគឃ័របានចាប់យកវិធីសាស្រ្តស្មុគស្មាញជាងមុនដោយផ្អែកលើ Mobile Device Management (MDM) Profile ដែលត្រូវបានប្រើសម្រាប់គ្រប់គ្រងលើឧបករណ៍សហគ្រាស (Enterprise Devices) រួចទៅហើយ។ Profiles ទាំងនេះអនុញ្ញាតឱ្យក្រុមហ៊ុនគ្រប់គ្រងលើផ្នែកមួយចំនួនធំរបស់ប្រព័ន្ធ ដោយយោងតាមតម្រូវការរបស់អ្នកប្រើ។ ប៉ុន្តែអ្វីដែលហេគឃ័រត្រូវធ្វើនោះគឺធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់បង្កើត Profile បន្លំថ្មីមួយដើម្បីអាចដោនឡូតកម្មវិធីចេញពី App Store ខាងក្រៅ។ នៅពេលនោះ ហេគឃ័រអាចប្រមូលទិន្នន័យដែលពួកគេត្រូវការ។ យោងតាមរបាយការណ៍បានឱ្យដឹងថា មេរោគ GoldDigger មានគោលដៅលើអ្នករស់នៅប្រទេសវៀតណាម និងថៃ។ ប៉ុន្តែ វាក៏អាចវាយប្រហារលើអ្នកប្រើនៅប្រទេសផ្សេងដែរ។ ក្រុម Group-IB បានថ្លែងថា មេរោគកំពុងតែស្ថិតក្នុងដំណាក់កាលនៃការវិវត្ត (Active Stage of Evolution)។

តើនឹងត្រូវធ្វើអ្វីបន្ទាប់ទៀត? នៅពេលនេះ វាហាក់ដូចជាជំនាន់ចុងក្រោយរបស់ iOS និង iPadOS មានបញ្ហាប្រឈមនឹងមេរោគនេះនៅឡើយទេ។ ក្រុម Group-IB បានថ្លែងថា ខ្លួនបានរាយការណ៍ទៅកាន់ក្រុមហ៊ុន Apple អំពីមេរោគនេះរួចរាល់ហើយ ដូច្នេះ វាទំនងជាក្រុមហ៊ុនកំពុងតែធ្វើការដោះស្រាយលើបញ្ហានេះ។ ឥឡូវនេះ អ្វីដែលអ្នកអាចធ្វើបាននោះគឺកុំដំឡើងកម្មវិធីចេញពីប្រភពដែលមិនគួរឱ្យទុកចិត្ត៕

https://9to5mac.com/2024/02/15/golddigger-trojan-ios-steal-bank-accounts/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here