ប៉ូលិសជនជាតិអេស្បាញបានចាប់ខ្លួនបុគ្គលម្នាក់ពីបទលាតត្រដាងព័ត៌មានសម្ងាត់ទាក់ទងនឹងសមាជិករបស់ស្ថាប័នរដ្ឋសំខាន់ៗរួមមានស្ថាប័នសន្តិសុខសាយប័រជាតិ (INCIBE)។យោងតាមអាជ្ញាធរបានឱ្យដឹងថា ជនសង្ស័យមានតួនាទីគ្រប់គ្រងលើទិន្នន័យឯកជនដ៏ច្រើន ដែលអាចបណ្តាលឱ្យមានហានិភ័យដល់សន្តិសុខជាតិ ប្រសិនបើមានការលាតត្រដាងទិន្នន័យអ្នកទាំងនោះ។ ប៉ូលិសបានកត់សម្គាល់ថា ទិន្នន័យដែលបានបង្ហាញនោះមានប្រភពចេញមកពីការិយាល័យអគ្គមេធាវីជាតិ ស្ថាប័នសន្តិសុខសាយប័រ INCIBE ប៉ូលិសជាតិ សន្តិសុខស៊ីវិល និងក្រុមប្រឹក្សាសន្តិសុខជាតិ អង្គភាពសំខាន់ៗទាំងអស់នៅក្នុងប្រទេស។
បន្ទាប់ពីការកំណត់អត្តសញ្ញាណ និងទីតាំងជនសង្ស័យរួច ប៉ូលិសបានចុះឆែកឆេរលំនៅដ្ឋានរបស់ពួកគេ និងប្រមូលបានកុំព្យូទ័រ រួមទាំងឧបករណ៍អេឡិចត្រូនិកជាច្រើនទៀតដែលមានផ្ទុកភស្តុតាងសម្រាប់ធ្វើកោសល្យវិច្ច័យ។ ប៉ូលិសជាតិអេស្បាញបានបន្ថែមថា ការស៊ើបអង្កេតត្រូវបានគ្រប់គ្រងដោយតុលាការស៊ើបអង្កេតក្រុងម៉ាឌ្រីដលេខ ២២ បន្ទាប់ពីអាជ្ញាធរបានរកឃើញការផ្សព្វផ្សាយទិន្នន័យដ៏ធំមួយ ដែលបង្កហានិភ័យភ្លាមៗដល់សន្តិសុខ និងបុគ្គលជនរងគ្រោះ ជាពិសេសស្ថាប័ន។
ដោយមើលឃើញស្ថានភាពដ៏ធ្ងន់ធ្ងរនេះ ប្រតិបត្តិការបន្ទាន់មួយត្រូវបានធ្វើឡើងដើម្បីកំណត់ទីតាំង និងចាប់ខ្លួនជនសង្ស័យ នៅថ្ងៃទី២៧ ខែឧសភា និងបានចាប់ខ្លួនជនសង្ស័យ ព្រមទាំងឆែកឆេរផ្ទះរកវត្ថុតាងផ្សេងៗ។ ទោះជាយ៉ាងណា កាលពីខែកុម្ភៈ ស្ថាប័នសន្តិសុខសាយប័រ INCIBE បានបង្ហោះសាររៀបរាប់ពីការវាយប្រហារលាតត្រដាងទិន្នន័យកំពុងតែបន្ត ប៉ុន្តែពុំមានការសម្របសម្រួលពីប្រព័ន្ធរបស់ពួកគេទេ ហើយជាការលួចប្រមូលទិន្នន័យគោលដៅ និងផ្សព្វផ្សាយទិន្នន័យស្ថាប័នសំខាន់ៗ និងបុគ្គលិករបស់ស្ថាប័ន។ ប្រភពសំខាន់ៗនៃទិន្នន័យរួមមាន ទិន្នន័យដែលត្រូវបានបំពានពីមុន ការប្រមូលព័ត៌មានដែលត្រូវបានចែករំលែក និង OSINT Open Source Tools ព្រមទាំងបានភ្ជាប់ទិន្នន័យទាំងនោះបន្ទាប់ពីការប្រមូលផ្តុំ។ កំណត់ត្រាដែលបានបង្ហាញមួយចំនួនមានផ្ទុកព័ត៌មានចាស់ៗ និងឈ្មោះបុគ្គលិកចាស់ៗដែលបានលាឈប់ពីស្ថាប័ន INCIBE។ ក្រុមគំរាមកំហែងនេះបានផ្សព្វផ្សាយទិន្នន័យទាំងនេះ (Police-ESP-Doxed) នៅលើ BreachForum នៅពេលនោះ។

ក្រោយមកនៅខែមីនា ទិន្នន័យឯកជនរបស់ចៅក្រម និងព្រះរាជអាជ្ញាអេស្បាញរាប់រយនាក់ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ Doxbin រួមមានឈ្មោះ លេខ DNI លេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីម៉ែល។ បច្ចុប្បន្ន ប៉ូលិសកំពុងតែស៊ើបអង្កេតលើឧបករណ៍ដែលរឹបអូសបាន ដើម្បីស្វែងរកអ្នកពាក់ព័ន្ធក្នុងការបំពាននេះ។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦










