ប្រទេសប៉ាគីស្ថាន៖ ប្រភពពីប៉ូលិសបានឲ្យដឹងថា យ៉ាងហោចណាស់ប៉ូលិស ១០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធទៅលើក្បួនរថយន្តរបស់ពួកគេនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា។ ប្រភពដដែលបានប្រាប់អ្នកយកព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការវាយប្រហារបានកើតឡើងនៅម៉ោងប្រមាណជា ១រសៀល នៅពេលក្បួនរថយន្តរបស់ប៉ូលិសដែលធ្វើដំណើរទៅបំពេញប្រតិបត្តិការប្រឆាំងនឹងសកម្មភាពជីករ៉ែខុសច្បាប់ ក៏ត្រូវបានក្រុមសកម្មប្រយុទ្ធស្ទាក់វាយប្រហារ។
ប្រភពដដែលបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធដែលបានឈរជើងនៅលើកំពូលភ្នំក្បែរនោះ បានបើកការបាញ់ប្រហារមកលើក្រុមប៉ូលិស ខណៈដែលក្បួនរថយន្តធ្វើដំណើរឆ្លងកាត់តំបន់នោះ។ ក្រុមវាយប្រហារថែមទាំងបានដុតរថយន្តរបស់ប៉ូលិស ៥គ្រឿងផងដែរ ខណៈការបាញ់តបតគ្នាយ៉ាងខ្លាំងបានបន្តកើតឡើងនៅក្នុងតំបន់នោះ បន្ទាប់ពីមានការវាយប្រហារ។ ប្រភពបានបន្ថែមឱ្យដឹងថា ប៉ូលិសជាច្រើនត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ហើយកម្លាំងប៉ូលិសបន្ថែមក៏ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់នោះផងដែរ ខណៈអាជ្ញាធរបានដាក់វិធានការសន្តិសុខក្នុងកម្រិតប្រុងប្រយ័ត្នខ្ពស់។ ប្រភពមិនបានបង្ហាញពីអត្តសញ្ញាណរបស់អ្នកវាយប្រហារទាំងអស់នោះទេ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦










